ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ។
នៅក្នុងសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ស្របពេលព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋភាគី នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ពុករលួយ (United Nations Convention Against Corruption-UNCAC) ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ ដូចសព្វមួយដង ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវក្តីសោមនស្សរីករាយ និងសូមចូលរួម ជាមួយបងប្អូនជនរួមជាតិ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ ជាពិសេសគ្រប់ស្ថាប័នជាតិ អបអរសាទរទិវា ជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ ដើម្បីលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ ជាន់ថ្នាក់ សំដៅចូលរួមពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ដែលជាមូលដ្ឋានចាំបាច់ក្នុងការ អភិវឌ្ឍសង្គមជាតិ។
ក្រោមម្លប់សន្តិភាព និងកេរដំណែលដ៏មានតម្លៃបំផុតនៃស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ៦អាណត្តិកន្លងមក ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្ននេះ ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបន្តជ្រោងទង់ រក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាមួយនឹងឆន្ទៈសម្រេចឱ្យបាននូវចក្ខុវិស័យ ជំរុញកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយបានដាក់ចេញនូវ យុទ្ធសាស្ត្រ បញ្ចកោណ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនោះ យើងលើកកម្ពស់ការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ពោលគឺការអភិវឌ្ឍស្ថាប័ន ការពង្រឹង អភិបាលកិច្ចល្អ និងការពង្រីកប្រសិទ្ធភាពការងារក្នុងវិស័យសាធារណៈ។
នៅដើមអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវលទ្ធផលធំៗ ដូចជា ការរក្សាបាននូវកំណើនសេដ្ឋកិច្ច ការជំរុញ និងកៀរគរធុរជន និងការវិនិយោគ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងការធ្វើ កំណែទម្រង់គ្រប់វិស័យរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុត្តិធម៌ និងតុលាការ និងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលផ្តោតសំខាន់លើការចាក់គ្រឹះឱ្យកាន់តែរឹងមាំនៃគុណភាព ប្រសិទ្ធភាព ទំនើបកម្ម និងការអភិវឌ្ឍដោយចីរភាពយូរអង្វែង។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានពង្រឹងការអនុវត្ត និងពង្រីកក្របខ័ណ្ឌច្បាប់ រួមមានការពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់តាមរយៈវិធានការស្នូលទាំង ៣ គឺការអប់រំ បង្ការទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើ ពុករលួយ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការត្រួតពិនិត្យផ្ទៃក្នុង ព្រមទាំងការចូលរួមជាមួយសហគមន៍អន្តរជាតិ បំពេញ កាតព្វកិច្ចដែលកម្ពុជាមានប្រកបដោយការទទួលខុសត្រូវ និងមោទនៈ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបរិការណ៍នៃការ លំបាក និងដុនដាបសេដ្ឋកិច្ចរបស់ពិភពលោក និងស្ថានភាពមិននឹងនរនៃស្ថិរភាព និងសន្តិភាពពិភពលោកដែលកំពុងមាន សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ខ្ញុំព្រះករុណាខ្ញុំ ដឹងច្បាស់ថា នៅមានការងារច្រើនមុខ ច្រើនរឿង ច្រើនវិស័យទៀត ដែលយើងត្រូវបន្តប្រឹងប្រែងជម្នះនូវរាល់ឧបសគ្គ ការលំបាក ការប្រជែង និងបញ្ហាជាច្រើនទៀត ដែលត្រូវតែប្រឈម និងសម្រេចឱ្យបាន ដើម្បីនាំនាវាកម្ពុជាដើរឆ្ពោះទៅកាន់ការអភិវឌ្ឍបន្ថែម និងការកសាងថ្មីៗ ដែលបម្រើជាពិសេសដល់ ជីវភាព និងការរស់នៅរបស់ពលរដ្ឋយើងគ្រប់ជាន់ថ្នាក់ និងគ្រប់មជ្ឈដ្ឋានឱ្យកាន់តែល្អ ងាយស្រួល និងប្រសើរឡើងជាលំដាប់។ ខ្ញុំព្រះករុណាខ្ញុំ មានជំនឿយ៉ាងមុតមាំថា ដរាបណាយើងទាំងអស់គ្នា ទាំងរដ្ឋ ឯកជន និងមហាជនទូទៅ រូបរួមគ្នាប្រឹងប្រែងក្រោម ម្លប់តែមួយនៃ ជាតិ សាសនា ព្រះមហាក្សត្រ នៃយើង នោះយើងនឹងសម្រេចបាននូវគោលដៅរួម ដែលយើងទាំងអស់គ្នា ប៉ងប្រាថ្នាចង់បាននាពេលអនាគត។
ខ្ញុំសូមឧទ្ទិសយកទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំនេះ ផ្តោតលើការផ្តល់សេវាសាធារណៈល្អ ដោយមាន ប្រធានបទ “សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ” ត្រូវបានជ្រើសរើសសំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និង ផ្តល់សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច។ ដើម្បីការងារនេះអាចសម្រេចទៅបានប្រកបដោយប្រសិទ្ធភាព យើងត្រូវការ ចាំបាច់នូវរដ្ឋបាលសាធារណៈដែលស្អាតស្អំ ដែលបម្រើរាស្ត្រ បម្រើរដ្ឋប្រកបដោយមនសិការ និងការយកចិត្តទុកដាក់ ទទួល ខុសត្រូវ ក៏ដូចជាការចូលរួមពីគ្រប់ភាគីទាំងអស់ផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ សូមស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជា ស្ថាប័ន និងតួអង្គពាក់ព័ន្ធរួមគ្នាអនុវត្តនូវសកម្មភាពគន្លឹះៗមួយចំនួនដែលគាំទ្រដល់កិច្ចប្រឹងប្រែងរួមគ្នានេះ ដូចខាងក្រោម៖
(១) ពង្រឹងការអប់រំស្តីពីការប្រឆាំងអំពើពុករលួយឱ្យមានវិសាលភាពគ្របដណ្តប់បានកាន់តែទូលាយ ចូលកាន់តែជ្រៅទៅ ក្នុងស្រទាប់សង្គម ទាំងក្នុងសាលា-ក្រៅសាលា ទាំងក្នុងស្ថាប័នសាធារណៈ ឯកជន និងសង្គមស៊ីវិល ទាំងមុន ចេញធ្វើការ និងក្នុងពេលធ្វើការ។
(២) ជំរុញការបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈ រួមមានការផ្តល់សេវាសាធារណៈបានកាន់តែមានតម្លាភាព និង គណនេយ្យភាព – ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ – ការការពារបុគ្គលរាយការណ៍ – ការដាក់វិន័យ និងទោស ទណ្ឌ -ល-។
(៣) ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នសាធារណៈ ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ស្ថាប័ននីតិប្បញ្ញត្តិ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងប្រព័ន្ធ ផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ឱ្យបានកាន់តែរលូន និងមានប្រសិទ្ធភាព។
(៤) ការងារប្រឆាំងអំពើពុករលួយ ត្រូវការការរួមគ្នាពីគ្រប់ភាគី ហើយភាពស្អាតស្អំ ត្រូវតែកើតចេញពីផ្ទះ នៃភាគីនីមួយៗ ស្ថាប័ននីមួយៗ។ អង្គភាពប្រឆាំងអំពើពុករលួយដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវដើរតួនាទី ជំរុញ និង សម្របសម្រួលចំពោះកិច្ចសហប្រតិបត្តិការចាំបាច់នានា ទាំងក្នុងការងារអប់រំ និងបង្ការទប់ស្កាត់ជាមួយដៃគូ ទាំងអស់ ដោយផ្តោតជាពិសេសលើការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល និង ស្របជាមួយផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដាក់ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
(៥) ដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់គ្រងស្ថាប័ន មន្ត្រីរាជការទាំងអស់ត្រូវចងចាំនូវអភិក្រមទាំង ៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ជាត្រីវិស័យបង្ហាញផ្លូវក្នុងការបំពេញតួនាទីភារកិច្ច និងការរស់នៅ ប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ។
ជាទីបញ្ចប់ ជាមួយនឹងការប្រារព្ធទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ ឆ្នាំ២០២៤ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយ និងប្រគេនពរ សម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជ័យជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិជាទីស្នេហា សូមសមប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ តារា