ព័ត៌មានទាន់ហេតុការណ៍៖

អំពូលសូឡាបំភ្លឺជិត៣០០ត្រូវបានប្រគល់ជូនគ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាល ឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អំពូលសូឡាបំភ្លឺចំនួន២៩៣អំពូលរបស់សប្បុរសជនត្រូវបានប្រតិភូក្រសួងទេសចរណ៍ និងក្រសួងវប្បធម៍ និងវិចិត្រសិល្បះ ដឹកនាំដោយ លោកទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រីឡុងភិរម្យ រដ្ឋលេខាធិការក្រសួងវប្បធម៍និងវិចិត្រសិល្បៈ យកទៅចែកជូន ដល់ក្រុមគ្រួសារបងប្អូនយុទ្ធជន អតីតយុទ្ធជន និងនគរបាលឈរជើងតាមខ្សែបន្ទាត់ព្រំដែលកម្ពុជា-ឡាវ ចន្លោះស្ថិតក្នុងភូមិសាស្ត្រ ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ការប្រគល់អំពូលសូឡាបំភ្លឺចំនួន២៩៣អំពូលរបស់សប្បុរសជនចំនួន២៩៣អំពូលនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានវត្តមានផងដែរ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង សិល្បះករ សិល្បការនី សប្បុរសជន អាជ្ញាធរស្រុក និងបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន។

លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងវប្បធម៍និងវិចិត្រសិល្បៈ រួមទាំងសិល្បករ សិល្បការិនី និងសប្បុរស ជនបានបង្ហាញនូវ បង្ហាញអារម្មណ៍រីករាយដែលបានចុះទៅដល់បន្ទាត់ព្រំដែន និងបានចែកជូនដល់ក្រុមគ្រួសារកងទ័ព និងកម្លាំងនគរបាលដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដោយភាពអង់អាចក្លាហ៊ាន និងការលះបង់ខ្ពស់។ 

លោក សរ សុពុត្រា បានឲ្យដឹងថា បង្គោល និងអំពូលសូឡាដែលបានចែកជូនដល់គ្រួសារកងទ័ព និងកម្លាំងនគរបាលដែលកំពុងឈរជើងការពារព្រំដែនស្ថិតក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង នាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សប្បុរសជនតាមរយៈលោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងវប្បធម៍និងវិចិត្រសិល្បៈ និងបងប្អូនសិល្បះករ សិល្បការនី។

លោកអភិបាលខេត្តស្ទឹងត្រែងបានបន្តថាការជូនអំពូលសូឡារបំភ្លឺនេះគឺជាការរួមចំណែកបំពេញភាពខ្វះខាតរបស់បងប្អូនកងកម្លាំង ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិហើយទង្វើក្នុងការរួមចំណែករបស់ងប្អូនសប្បុរជននាពេលនេះក៏បានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តស្នេហា ជាតិមាតុភូមិកម្ពុជា  ។

លោក សរ សុពុត្រា បានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិបានគិតគូបំផុតពីសុខទុក្ខបងប្អូនកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន ការពារបូរណភាព និងអធិបតេយ្យភាពជាតិ ជាក់ស្តែងរាជរដ្ឋាភិបាលកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាយខ្សែបន្ទាត់ព្រំដែន សង់លំនៅឋានឲ្យកងទ័ពនិងបានឲ្យក្រុមគ្រួសារបងប្អូនកងទ័ពបានរស់នៅជួបជុំក្រុមគ្រួសារផងដែរ។

គួរបញ្ជាក់ថា បង្គោលនិងផ្ទាំងអំពូលសូឡាចំនួន២៩៣ របស់សប្បុរសជនដែលបានចែកជូន ដល់ក្រុមគ្រួសារបងប្អូនដែលជាយុទ្ធជន អតីតយុទ្ធជន និងនគរបាលឈរជើងតាមខ្សែបន្ទាត់ព្រំដែលកម្ពុជា-ឡាវនាពេលនេះ ជាការចែកជូនក្នុងដំណាក់កាលទី១ ព្រមទាំងនិងចែកជូនជាបន្តបន្ទាប់ទៀតដល់ក្រុមគ្រួសារយោធិន តាមបណ្តាយព្រំដែនចាប់ពីភូមិសាស្ត្រស្រុកបុរីអូស្វាយសែនជ័យរហូតដល់ភូមិសាស្ត្រស្រុកសៀមប៉ាងឲ្យបានគ្រប់ចំនួន៩៩៩ផ្ទាំង៕

ដោយ៖ សូរិយា


ចែករំលែក៖