ព័ត៌មានទាន់ហេតុការណ៍៖

ឆ្មាំទន្លេអភិរក្សសត្វផ្សោត និងជីវចម្រុះជលផលខេត្ត ក្រចេះចាប់បានបទល្មើសឆក់ត្រី០១ករណី ឯជន សង្ស័យរត់បាត់

ចែករំលែក៖

ខេត្តក្រចេះ ៖ កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោត និងជីវចម្រុះជលផលខេត្តក្រចេះ សហការជាមួយឆ្មាំទន្លេតំបន់កាំពី ជ្រោយបន្ទាយ និងសហគមន៍នេសាទ សហការគ្នារាល់ថ្ងៃ ដោយអនុវត្តយន្តការចុះល្បាត២៤ម៉ោង/២៤ម៉ោង ដើម្បីត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ។ ជាក់ស្តែងកាលពីយប់ឆ្លងចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៤ បានចុះល្បាត ហើយចាប់បានបទល្មើសឆក់ត្រី១ករណី ដកហូតបានវត្ថុតាងរួមមាន ទូកម៉ាសុីន អាំងវែកទ័រឆក់ត្រី(ប្រភេទស្រូប) អាគុយ ខ្សែភ្លើង ខ្សែកាប និងកន្ត្រងដងត្រី  តែជនសង្ស័យប្រព្រឹត្តបទល្មើសនេសាទចាប់មិនបាន ព្រោះពួកគេដឹងខ្លួនមុន បើកទូកបុកច្រាំងទន្លេ ហើយរត់ឡើងលើគេចខ្លួនបាត់ស្រមោល។

លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តក្រចេះបានឲ្យដឹងថា កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោត និងជីវចម្រុះជលផលខេត្តក្រចេះ សហការជាមួយឆ្មាំទន្លេតំបន់តែងតែចុះល្បាតជាប្រចាំដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស។ តែនៅតែមានជនខិលខូចមួយចំនួនលួចនេសាទល្មើសច្បាប់។ ដូច្នេះខាងជលផលអំពាវនាវឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ចូលរួមសហការចុះល្បាតដើម្បីបង្ក្រាបបទល្មើស។

ជាមួយនោះលោកនាយខណ្ឌ បានអំពាវនាវប្រជាពលរដ្ឋអ្នកនេសាទ សូមកុំប្រើឧបករណ៍ហាមឃាត់ដូចជាមងគ្រប់ប្រភេទ,ឆក់ និងសន្ទូចរនង នៅក្នុងតំបន់ហាមឃាត់ដែលមានសត្វផ្សោតកំពុងរស់នៅ។ លោកបានបន្តថា ការពារបានសត្វផ្សោតទាំងនោះមានន័យថា បានរួមចំណែកនាំភ្ញៀវទេសចរណ៍មកកំសាន្តនៅតំបន់របស់ខ្លួន។ នៅពេលមានភ្ញៀវទេសចរណ៍នោះប្រជាពលរដ្ឋនៅតំបន់នោះនឹងមានចំណូលជាប្រចាំ។ សត្វផ្សោតគឺជារតនៈសម្បត្តិដ៏មានតម្លៃដែលចាំបាច់ត្រូវការពារថែរក្សាឲ្យបានគង់វង្សតរៀងទៅ។

ពេលនេះសមត្ថកិច្ចជំនាញ និងឆ្មាំទន្លេ កំពុងស្នើសុំកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំបុក និងសហគមន៍នេសាទ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលប្រព្រឹត្តបទល្មើសនេសាទឆក់ត្រីខាងលើ ធ្វើសាវតាជាតិ និងកសាងសំណុំឯកសារបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ ស្នើសុំចាត់ការតាមច្បាប់ស្តីពីជលផល៕

ដោយ៖ សូរិយា


ចែករំលែក៖