សារព័ត៌មាន AFP បានផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថា ការបោះឆ្នោតលើសំណើដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol នឹងត្រូវធ្វើឡើងនៅម៉ោង ៧៖០០នាទីយប់ ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើលោក Jo Seoung-lae ជាសមាជិកសភាមកពីគណបក្សប្រឆាំង។ សមាជិកសភារូបនេះបានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ការបោះឆ្នោតលើសំណើដំណើរការនីតិវិធីដកតំណែងលោកប្រធានាធិបតី Yoon នឹងត្រូវធ្វើឡើងនៅម៉ោង ៧៖០០នាទីយប់ ថ្ងៃសៅររ៍ (ទី៧ ខែធ្នូ)»។
ភាពច្របូកច្របល់បានកើតឡើងនៅទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីលោកប្រធានាធិបតី Yoon Suk Yeol ប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកដែលលោកផ្ទាល់អះអាងថា មានគោលដៅទប់ស្កាត់សកម្មភាពប្រឆាំងរដ្ឋរបស់គណបក្សប្រឆាំង។ ប៉ុន្តែ លោក Yoon បានប្រកាសដកចេញច្បាប់អាជ្ញាសឹកវិញកាលពីព្រឹកថ្ងៃពុធ ក្រោយសមាជិកសភា ១៩០រូប បោះឆ្នោតជំទាស់ និងទាមទារឱ្យលោកដកច្បាប់អាជ្ញាសឹកនេះចេញវិញជាបន្ទាន់៕
ដោយ៖ ធីរីណា