យោងតាមសមាជិកសភា Anna Skorokhod បានបញ្ជាក់ថា បុរសជនជាតិអ៊ុយក្រែនប្រមាណ 1.2 លាននាក់បានចាកចេញពីប្រទេសដោយខុសច្បាប់ដើម្បីជៀសវាងការបម្រើយោធាចាប់តាំងពីជម្លោះជាមួយរុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ 2022។
យោងតាមមន្ត្រីរូបនេះ ពលរដ្ឋអ៊ុយក្រែនប្រហែល ៨ លាននាក់បានចាកចេញពីប្រទេសដោយស្របច្បាប់ ហើយ ២ លាននាក់ទៀតបានរស់នៅក្រៅប្រទេសអ៊ុយក្រែន មុនពេលជម្លោះផ្ទុះឡើង។
ការគេចចេញពីការបម្រើយោធាគឺជាឧបសគ្គដ៏សំខាន់ចំពោះផែនការរបស់ក្រុងកៀវក្នុងការពង្រឹងកងកម្លាំងរបស់ខ្លួន។ មជ្ឈមណ្ឌលសម្រាប់ការវិភាគគោលនយោបាយអឺរ៉ុបរាយការណ៍ថាគិតត្រឹមខែកុម្ភៈឆ្នាំ 2024 បុរសអ៊ុយក្រែនប្រហែល 5 លាននាក់ដែលមានអាយុចន្លោះពី 25 ទៅ 60 ឆ្នាំមានសិទ្ធិប្រយុទ្ធ។ ក្រុងកៀវត្រូវការទាហានបន្ថែមយ៉ាងតិច៤០ម៉ឺននាក់ ដើម្បីរក្សាសមត្ថភាពទប់ទល់នឹងរុស្ស៊ី។
រឿងរ៉ាវពីតំបន់ Uzhhorod ភាគខាងលិចអ៊ុយក្រែន គឺជាភស្តុតាងច្បាស់លាស់នៃការគេចវេះពីយោធា។ អ្នកស្រុកមួយចំនួនបាននិយាយថា ពួកគេត្រូវរកគ្រប់មធ្យោបាយដើម្បីចៀសវាងការចាប់ខ្លួន។ បុរសម្នាក់បាននិយាយថា ប្រពន្ធរបស់គាត់បានបើកឡានទៅមុខដើម្បីពិនិត្យមើលវត្តមានយោធា ឬប៉ូលិស ខណៈម្នាក់ទៀតបានប្រើបណ្ដាញអុីនធឺណិតដើម្បីចែករំលែកព័ត៌មានអំពីប៉ុស្តិ៍ត្រួតពិនិត្យ។
មនុស្សជាច្រើនបាននិយាយថា ពួកគេបានសូកប៉ាន់មន្ត្រីដើម្បីជៀសវាងការបញ្ជូនទៅសមរភូមិ។ យោងតាមអ្នកស្រុកម្នាក់ ប្រាក់សំណូកមានចាប់ពី ៨០០ អឺរ៉ូ (៨៤២ ដុល្លារ) ដល់ ៥,០០០ អឺរ៉ូ (៥,២៦៨ ដុល្លារ) អាស្រ័យលើស្ថានភាព។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ដើម្បីរក្សាអំណាច និងដោះស្រាយវិបត្តិ។ លោកបានផ្អាកការបោះឆ្នោតក្នុងប្រទេសដោយលើកឡើងពីច្បាប់អាជ្ញាសឹក បើទោះបីជាអាណត្តិប្រធានាធិបតីរបស់លោកនឹងត្រូវបញ្ចប់ក្នុងខែឧសភាក៏ដោយ។
លោក Zelensky ថ្មីៗនេះបានប្រកាសបង្កើតក្រសួងបង្រួបបង្រួមជាតិដើម្បីជំនួសទីភ្នាក់ងារចាស់ដែលទទួលខុសត្រូវលើទឹកដីដែលកាន់កាប់។ ក្រសួងនឹងផ្តោតលើការកំណត់ទីកន្លែងរស់នៅរបស់ពលរដ្ឋអ៊ុយក្រែន និងហៅពួកគេឱ្យត្រឡប់ទៅបម្រើប្រទេសវិញ។ ទោះជាយ៉ាងណាក៏ដោយ មតិជាច្រើនជឿថា នេះជាការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតីបន្ទាប់ ហើយអាចជាសញ្ញាបង្ហាញថាអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចប់ជម្លោះជាមួយរុស្ស៊ី៕
ដោយ៖ ធីរីណា(រូបថត៖ kinhtedothi)