ព័ត៌មានទាន់ហេតុការណ៍៖

ការដោះស្រោយវិបត្តិអ៊ុយក្រែន គឺជាអាទិភាពចម្បងបំផុតនៅពេលឡើងកាន់អំណាចរបស់លោកត្រាំ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ បានផ្សាយថា លោក ដូណាល់ ត្រាំ បាននិយាយថា ការដោះស្រាយវិបត្តិអ៊ុយក្រែននឹងជាអាទិភាពចម្បងបំផុតនៅពេលរូបលោក ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅខែក្រោយ ខណៈដែលបញ្ហានៅមជ្ឈិមបូព៌ា ត្រូវបានលោកចាត់ទុកជាស្ថានការណ៍លំបាក ប៉ុន្តែមិនដល់អ៊ុយក្រែននោះទេ។
ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីបារាំង Paris Match ដែលត្រូវបានថតទុកកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែទើបចេញផ្សាយនៅថ្ងៃពុធនេះ លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បាននិយាយដូច្នេះថា «ខ្ញុំយល់ថា យើងចាំបាច់ត្រូវតែដោះស្រាយបញ្ហាអ៊ុយក្រែនជាមួយរុស្ស៉ី»។ លោក ត្រាំ បានលើកឡើងបែបនោះ ក្រោយត្រូវបានសាកសួរអំពីអាទិភាពចម្បងបំផុតរបស់លោកលើឆាកអន្តរជាតិ នៅពេលឡើងកាន់អំណាច។ រុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក។
លោក ត្រាំ ក៏បាននិយាយអំពីស្ថានការណ៍នៅមជ្ឈិមបូព៌ាផងដែរ និងថាប្រាកដណាស់វាជាអាទិភាពធំមួយ ប៉ុន្តែបើតាមរូបលោក វាគឺជាស្ថានការណ៍ ដែលមិនសូវលំបាកដូចស្ថានការណ៍អ៊ុយក្រែន-រុស្ស៉ី នោះទេ។ ទោះបែបនេះក្តី លោក ត្រាំ បានសង្កត់ធ្ងន់ថា មជ្ឈិមបូព៌ានិងអ៊ុយក្រែន គឺជាស្ថានការណ៍សំខាន់ទាំងពីរ ដែលត្រូវដោះស្រាយ ហើយដោះស្រាយឱ្យបានឆាប់។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមពិធីសម្ពោធបើកព្រះវិហារគ្រឹស្តបុរាណ Notre Dame ឡើងវិញ ក្រោយគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅ កាលពីឆ្នាំ២០១៩។ នៅទីនោះ លោក បានជួបប្រធានាធិបតីបារាំង លោក Emmanuel Macron ព្រមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ខណៈវាគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុត ចាប់តាំងពីលោកបានជាប់ឆ្នោតជាថ្មី ជាប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា។ លោក ត្រាំ នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕ ដោយ៖ ធីរីណា

រូបថត​៖ Reuters


ចែករំលែក៖