ភ្នំពេញ ៖ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការ វិនិយោគ កម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន (ហុងកុង និងម៉ាកាវ) ដឹកនាំដោយលោក Wang Jiawei អគ្គនាយកក្រុមហ៊ុន Glorank (HK) កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ម្សិលមិញនេះ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គណៈប្រតិភូមានគោលបំណងស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេស ការវិនិយោគក្នុងវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកអគ្គលេខាធិការ បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ជូនថាអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ គម្រោងប្រភេទនេះជាគម្រោងដែលទទួលបានការលើកទឹកចិត្ត ជាពិសេសគាំទ្រដល់កិច្ចការពារបរិស្ថាន។ បន្ថែមលើនេះ លោកអគ្កលេខាធិការក៏បានបរិយាយយ៉ាងក្បោះក្បាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបបលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី។
ជាការឆ្លើយតប លោក Wang Jiawei បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកអគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះ បានធ្វើឱ្យក្រុមហ៊ុនកាន់តែមានជំនឿជឿជាក់ក្នុងការសម្រេចចិតបណ្តាក់ទុនវិនិយោគ។
ជាចុងបញ្ចប់ លោកអគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីមានឱកាសដណ្តើមយកចំណែកទីផ្សារដែលកំពុងមានសក្តានុពល និងទទួលផលចំណេញឆាប់។ ម្យ៉ាងវិញទៀត ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ លោកអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនធ្វើការគិតគូរពិនិត្យលទ្ធភាពវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតតែទៅលើការប្រមូលផ្តុំចង្កោមឧស្សាហកម្មក្នុងវិស័យផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនីនេះ៕
ដោយ ៖ តារា