ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យពីរនាក់បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅឯពិធីបុណ្យប្រចាំឆ្នាំមួយនៅក្នុងខេត្ត Tak។
ទីភ្នាក់ងារព័ត៌មាន AP បានដកស្រង់ព័ត៌មានពីអាជ្ញាធរក្នុងតំបន់ដែលនិយាយថា ការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅក្នុងពិធីបុណ្យមួយក្នុងទីក្រុង Umphang ខេត្ត Tak ភាគខាងជើងប្រទេសថៃកាលពីយប់ថ្ងៃទី ១៣ ខែធ្នូ និងព្រឹកព្រលឹមថ្ងៃទី ១៤ ខែធ្នូ។
ការផ្ទុះនេះបានសម្លាប់មនុស្សយ៉ាងតិច៣នាក់ និងរបួស៣៩នាក់ផ្សេងទៀត ។ ទន្ទឹមនឹងនេះ ប្រភពខ្លះបាននិយាយថា ចំនួនអ្នករងរបួសឡើងដល់ជិត ៥០នាក់។
យោងតាមសមាគម Umphang នៃក្រុមជួយសង្គ្រោះ គ្រឿងផ្ទុះមួយត្រូវបានគេបោះចូលទៅក្នុងហ្វូងមនុស្សអំឡុងពេលសម្តែងនៅខាងក្រៅពិធីបុណ្យនៅព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។
អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Thanathip Sawangsang បានប្រាប់សារព័ត៌មាន Associated Press ថា ប៉ូលិសក្នុងតំបន់បាននិយាយថា មានការប្រយុទ្ធគ្នារវាងក្រុមគូប្រជែង មុនពេលមានការផ្ទុះ។ ភស្តុតាងធ្វើកោសល្យវិច័យបានបង្ហាញថា គ្រឿងផ្ទុះនោះជាគ្រាប់បែកច្នៃ។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យពីរនាក់ ប៉ុន្តែអត្តសញ្ញាណជនសង្ស័យមិនត្រូវបានគេបញ្ចេញទេ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានបញ្ជាឱ្យប៉ូលិស និងភ្នាក់ងារសន្តិសុខ ស៊ើបអង្កេតឧប្បត្តិហេតុនេះឱ្យបានលឿន និងពង្រឹងវិធានការសន្តិសុខ មុនពេលពិធីបុណ្យនាពេលខាងមុខ ដើម្បីធានាសុវត្ថិភាពប្រជាជន៕ ដោយ៖ ធីរីណា

រូបថត៖ independent
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច