ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ខៀវ​ កាញារិទ្ធ​៖​ ស្លៀកពាក់ ( តឺនុយ ) បង្ហាញចិត្ត !

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ខៀវ​ កាញារិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បច្ចុប្បន្នជាឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម​ បានប្រសាសន៍​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវរបស់នៅរសៀលថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ​២០២៤នេះថា៖​ ស្លៀកពាក់ ( តឺនុយ ) បង្ហាញចិត្ត ! នៅក្នុងឱកាសបើកឡើងវិញព្រះវិហារ Notre-Dame de Paris ថ្ងៃ ៧ ធ្នូ ២០២៤ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកន្លងទៅនេះ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញតួអង្គសំខាន់ពីរក្នុងបច្ចុប្បន្នភាពអន្តរជាតិពិភពលោក គឺ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង លោក Volodymyr Zelenskyy នៃប្រទេសអ៊ុយក្រែន មកសន្ទនានៅក្នុងវិមានប្រធានាធិបតីរបស់លោក ។ 

អ្វីដែលគួរកត់សំគាល់គឺសម្លៀកបំពាក់នៃភ្ញៀវទាំងពីរ៖

១. លោកប្រធានាធិបតី Volodymyr Zelenskyy ក្រៅពីអាវយឺតត្រេអុីដែលលោកពាក់ជាប្រចាំដើម្បីបង្ហាញពីការតស៊ូស្វិតស្វាញនៃការប្រយុទ្ធ និង ការលំបាកលំបិនរបស់ប្រជាជនលោក នៅពេលនេះ លោក Zelenskyy បានពាក់បន្ថែមអាវប្រភេទ M 65 ដែលជាឯកសណ្ឋានប្រយុទ្ធរបស់កងទ័ពអាមេរិកនៅវៀតណាម ហើយដែលខ្មែរសម័យគ្រាប់ផ្លោងស្គាល់យ៉ាងច្បាស់ និង ហៅថា «អាវត្រេអុីហោប៉ាវ ៤» ។ តាមស្មានលោក Zelenskyy ចង់ប្រៀបការតស៊ូរបស់ប្រជាជនអ៊ុយក្រែនទៅនឹងការប្រយុទ្ធរបស់កងទ័ពអាមេរិកនៅវៀតណាមតទល់នឹងពួកកុម្មុយនីស្តយៀកកុង វៀតណាមខាងជើង ចិន និង សហភាពសូវៀត ដើម្បីបន្ទន់ចិត្តលោកត្រាំដែលតែងបង្ហាញជំហរផ្តាច់ជំនួយអាមេរិកទៅអោយអ៊ុយក្រែន ។

២. លោក ដូណាល់ ត្រាំ ដែលរាល់ដងពាក់ក្រាវ៉ាត់ក្រហមគ្មានភាពទាក់ទាញរបស់លោក នៅពេលនេះបានដូរមកជាពាក់ក្រាវ៉ាត់លឿង ដែលបូកជាមួយសម្លៀកបំពាក់ពណ៌ខៀវរបស់លោក អាចមានន័យថាជានិមិត្តរូបនៃអាណត្តិទី ២ របស់លោក ឬ មានន័យថាលោកនៅខាងប្រទេសអ៊ុយក្រែន ?

ដោយ​៖ តារា​


ចែករំលែក៖