ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី

ចែករំលែក៖

ខេត្តសៀមរាប ៖ នាបរិវេណវត្តសិលាចារ្យបន្ទាយស្រី ស្រុកបន្ទាយស្រី រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមុិញ បានដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៥ ក្រោមអធិបតីភាពលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង លោក លី សំរិទ្ធ ប្រធានក្រមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត តំណាង លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានសមាជិកសមាជិកាចូលរួមប្រមាណជា ៤០០នាក់។

លោក តោ គឹមស៊ាន អង្គវេទិកានេះ គឺផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលអញ្ជើញមកចូលរួមនៅទីនេះ ស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈមនានា ព្រមទាំងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។

ជាមួយគ្នានេះផងដែរ លោក បានឱ្យវាគ្មិន ដែលជាប្រធាន ឬ តំណាងមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន បានធ្វើការបកស្រាយបំភ្លឺនូវសំណួរ-សំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង បានសមស្រប ទៅតាមគោលបំណង នៃសាមីសំណួរ-សំណូមពរ បងប្អូនចង់បាន។

លោក តោ គឹមស៊ាន បានបន្តទៀតថាការអភិវឌ្ឍប្រទេសជាតិ ការអភិវឌ្ឍមូលដ្ឋាន មានលទ្ធផលវិជ្ជមាន ទៅបានដរាបណាមានការចូលរួមជាធនធានថវិកា ការថែទាំ និង មតិយោបល់ពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន អ្នកពាក់ព័ន្ឋផ្សេងៗទៀត និង ត្រូវដឹងឱ្យដឹងច្បាស់អំពីតម្រូវការរបស់ពួកគាត់ ទើបយើងអាចធ្វើការអភិវឌ្ឍបានចំទិសដៅ និងស្របតាមតម្រូវការរបស់ពួកគាត់។ ត្រូវស្វែងយល់ពីតម្រូវការ ដែលទទួលបានលទ្ធផលល្អប្រសើរលុះត្រាតែអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ចុះទៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយឱ្យបានសមស្របទាន់ពេលវេលា និងត្រូវរាយការណ៍ពីបញ្ហាប្រឈមនានា ដែលមិនអាចដោះស្រាយបានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជូនថ្នាក់លើ ដើម្បីជួយដោះស្រាយបញ្ហាជូនដល់ពួកគាត់ ហើយប្រជាពលរដ្ឋក៏មានតួនាទីសំខាន់ផងដែរ ក្នុងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការរាយការណ៍ពីបញ្ហាប្រឈមនានា ដែលបានជួបប្រទះ និង មិនអាចដោះស្រាយបានក្នុងមូលដ្ឋានរបស់ខ្លួន។

 

លោក សុខ ថុល អភិបាលរងខេត្ត បានកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ដែលបានលើកឡើងនូវសំណើ និងសំណូមពរយ៉ាងផុសផុល ដែលនេះ សបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និង សំណូមពររបស់ពួកគាត់។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និង ជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ និង អាជ្ញាធរឃុំ ស្រុក សហការគ្នាធ្វើការដោះស្រាយ នូវរាល់បញ្ហាដែល បងប្អូនបានលើកឡើងឱ្យទទួលបានលទ្ធផលជាផ្លែផ្កា ជូនបងប្អូនប្រជាពលរដ្ឋ។

អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ជាមួយប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី បានលើកឡើងលើកបញ្ហា អគ្គិសនី ,ផ្លូវ ថ្នល់ , បញ្ហាព្រំប្រទល់សហគមន៍ , ការសុំចេញប័ណ្ណកម្មសិទ្ធដីធ្លី ,ការរំលោភដីបូរាណ ដ្ឋាន(ត្រពាំងបូរាណ) តម្លៃកសិផល និង ការងារសន្តិសុខ ។ ក្នុងអង្គវេទិកានេះដែល សមាជិកសមាជិកា បានលើកជាសំណួរ និង សំណូមពរ ផ្ទាល់មាត់ ចំនួន១២ និង ជាលាយល័ក្ខណ៍អក្សរ ចំនួន៩។ ឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ លោក សមាជិកក្រុមប្រឹក្សាខេត្ត និង លោកអភិបាលរងខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានធ្វើការដោះស្រាយបំភ្លឺ នូវសំណួរនិងសំណូមពរដែលប្រជាពលរដ្ឋលើកជាក់ស្ដែង។

ចំពោះសំណួរសំណូមពរជាលាយលក្ខ័ណ៍អក្សរចំនួន៩នៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមប្រឹក្សាខេត្ត នឹងប្រមូលយកសំណួរ និងសំណូមពរទាំងនេះ ទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លួន ៕

ដោយ ៖ សិលា


ចែករំលែក៖