ភ្នំពេញ៖ យុវជនពីរនាក់ចេញពីផឹកស៊ីក្នុងក្លឹបស្រវឹងធ្លាក់ភ្នែកជិះម៉ូតូឌុបគ្នាលឿនទៅបុកជាមួយនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យអ្នកបេីកបរស្លាប់ចំណែកម្នាក់ទៀតជិះខាងក្រោយរងរបួសធ្ងន់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចទល់មុខនិងផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សពរងគ្រោះឈ្មោះ កែវ ហ៊ន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរធ្វើការរោងចក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំកំបូល មានស្រុកកំណើតនៅខេត្តកំពង់ចាម។
បេីយោងតាមការបញ្ជាក់ពីមិត្តភក្ដិរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនកេីតហេតុជនរងគ្រោះជាមួយមិត្តភក្ដិប្រមាណ១០នាក់បានរៃលុយគ្នាផឹកស្រាថ្នាំអស់មួយវគ្គរួចក៏បែកគំនិតយកទូរស័ព្ទទៅដាក់បញ្ចាំដេីម្បីយកលុយមកនាំគ្នាចូលក្លិបផឹកបន្តខណៈពេលផឹកស៊ីអស់ចំនួន១ឈុតរៀងស្រវឹងធ្លាក់ភ្នែកក៏បាននាំគ្នាចេញពីក្លិបវិលត្រឡប់ទៅផ្ទះជួលវិញក្នុងនោះផងដែរជនរងគ្រោះបានសុំមិត្តភក្តិបេីកបរដោយម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសង់២០២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1LD-4353 ជិះខាងក្រោយបេីកបរធ្វើដំណើរចេញពីផ្លូវវេងស្រេងឆ្ពោះចូលមកផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតមកលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចខាងលើបានរេចង្កូតទៅបុករះនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបោកក្បាលនិងបង្គោលភ្លើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកម្ចាស់ម៉ូតូជិះខាងក្រោយដោយរងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង បន្ទាប់មកមិត្តភ័ក្ដិដែលជិះម៉ូតូមកតាមក្រោយក៏ឃើញជនរងគ្រោះបានស្លាប់បានទាក់ទងប្រាប់ទៅសាច់ញាតិក្រុមគ្រួសារភ្លាមៗ។
បន្ទាប់ពីកេីតហេតុរួចប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ពិនិត្យមេីលជុំវិញទីតាំងខាងលើរួចរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ ។
ក្រោយពេលកេីតហេតុសពរងគ្រោះត្រូវបាននគរបាលផ្នែកជំនាញចរាចរណ៍ធ្វើលិខិតប្រគល់សពអោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូរងគ្រោះខាងផ្នែកជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ៕
ដោយ៖ សុខាសែនជ័យ