ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ជប៉ុន នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែស៉ីជម្រៅបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានឱ្យដឹងថា​ បន្ទាប់ពីចូលរួមកិច្ចប្រជុំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីការបរទេសកម្ពុជា-ជប៉ុន លើកទី២ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក FUNAKOSHI Takehiro អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានចូលជួបសម្តែងការគួរសមជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងអំឡុងពេលនោះ លោកអនុរដ្ឋមន្ត្រីបានពាំនាំនូវការអបអរសាទរពី លោក IWAYA Takeshi រដ្ឋមន្ត្រីការបរទេសជប៉ុន ជូនលោកឧបនាយករដ្ឋមន្ត្រី។ លោក ប្រាក់ សុខុន បានជម្រាបជូនលោកអនុរដ្ឋមន្ត្រីការបរទេសជប៉ុនថា លោកទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោករដ្ឋមន្ត្រី IWAYA ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន បន្ថែមទៀត ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាបក្នុងខែវិច្ឆិកាឆ្នាំនេះ និងសម្រាប់កិច្ច សហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា លើវិស័យសកម្មភាពមីន។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យ ដែលមានផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងបានអបអរសាទរចំពោះ លទ្ធផលផ្លែផ្កា នៃកិច្ចប្រជុំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីការបរទេសកម្ពុជា-ជប៉ុនលើកទី២។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្លាស់ប្តូរទស្សនៈជាមួយលោក FUNAKOSHI អំពីការវិវត្តអន្តរជាតិ និងក្នុងតំបន់ ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖