ព័ត៌មានទាន់ហេតុការណ៍៖

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ដឹកជញ្ជូនអាវុធខុសច្បាប់ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

  សមត្ថកិច្ចបញ្ជាក់ថាៈនៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតក្នុងភូមិសាស្ត្រក្រុង រហូតដល់វេលាម៉ោង០២ និង០០នាទី ថ្ងៃខែឆ្នាំដដែល ប្រទះឃើញជនសង្ស័យចំនួន០២នាក់ ប្រដាប់ដោយកាំបិតចំនួន០១ដើម កំពុងអង្គុយលេងនៅក្នុងតូបមួយកន្លែងក្បែរចញ្ចើមផ្លូវ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះកម្លាំងបានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ភាព ជីវី ភេទប្រុស អាយុ២៣ឆ្នាំ និងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំទៅតាមនីតិវិធី។ 

 លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា រូបគេពិតជាបានកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។ 

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែកបក្សពួកម្នាក់ទៀតត្រូវបានកម្លាំងស្រាវជ្រាវបន្ត។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ វណ្ណា


ចែករំលែក៖