ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យមហាសារ៉ាខាម

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យមហាសារ៉ាខាម ដឹកនាំដោយ លោកស្រីបណ្ឌិត Sarinthree Udchachone, Assistant to the President for Public Relations and Global Image និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

ក្នុងឱកាសនេះ លោកស្រីបណ្ឌិត Sarinthree Udchachone បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែចូលរួមកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាច្រើនឆ្នាំកន្លងមកនេះ និងបានគូសបញ្ជាក់ថា សាកលវិទ្យាល័យមហាសារ៉ាខាម និងរាជរដ្ឋាភិបាលថៃ នឹងបន្តផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់ប្រទេសកម្ពុជាទាំងលក្ខណៈ Full Scholarship និង Partial Scholarship។

ជាការឆ្លើយតប លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាកលវិទ្យាល័យមហាសារ៉ាខាម ដែលតែងតែជួយគាំទ្រដល់វិស័យអប់រំនៅប្រទេសកម្ពុជា ដោយសាកលវិទ្យាល័យតែងតែផ្តល់អាហារូបករណ៍សម្រាប់សិស្សានុសិស្សកម្ពុជារហូតដល់ ២៥៧នាក់ ដែលក្នុងនោះ ២២០នាក់ បានត្រឡប់មកប្រទេសកម្ពុជាវិញ និងបានប្រើប្រាស់ជំនាញភាសារបស់ខ្លួន ទទួលបានជោគជ័យក្នុងការងារ ដោយសិស្សបញ្ចប់ការសិក្សាមួយចំនួន បានក្លាយជាគ្រូបង្រៀនភាសាថៃនៅក្នុងប្រទេសកម្ពុជាថែមទៀត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យមហាសារ៉ាខាម និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ជាពិសេសចំពោះការជួយគាំទ្រផ្នែកបច្ចេកទេសទៅលើការរៀន និងបង្រៀនភាសាថៃក្នុងប្រទេសកម្ពុជា និងសង្ឃឹមជឿជាក់ថា សាកលវិទ្យាល័យមហាសារ៉ាខាម នឹងបន្តជួយគាំទ្រផ្នែកការអភិវឌ្ឍបរិក្ខារបង្រៀន និងបណ្តុះបណ្តាលអ្នកសិក្សា រួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យក្លាយជាកម្លាំងដ៏មានសក្ដានុពលក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព៕

ដោយ ៖ សិលា


ចែករំលែក៖