ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២:៥៦នាទីអធ្រាត្រ នៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ មានករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស (យកកំបិតផ្គាក់កាប់) ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសជនរងគ្រោះចំនួន៣នាក់ (ស្រាល២ ធ្ងន់១)បង្កឡើងដោយជនសង្ស័យជាច្រើននាក់មិនស្គាល់អត្តសញ្ញាណ និងម៉ូតូច្រើនគ្រឿង។

ក្រោយមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនាយយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ បានកំណត់អត្តសញ្ញានជនសង្ស័យ និងកន្លែងលាក់ខ្លួន ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដូចខាងក្រោម៖

*១៖ ឈ្មោះ ដៀប សុភ័ក្រ្ត អាយុ១៧ឆ្នាំ ស្នាក”នៅភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

*២៖ ឈ្មោះ តក់ វ៉ាន់ថេត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាកនៅភូមិថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ

*៣៖ ឈ្មោះ ងាំ តូ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាកនៅភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួននៅចំណុចស្រុកបាទី ខេត្តតាកែវ)។

ពួកគេបានសារភាពប្រហាក់ប្រហែលគ្នាថា នៅថ្ងៃកើតហេតុ ពួកខ្លួន និងបក្ខពួកចំនួន៨នាក់ បានជិះម៉ូតូចំនួន ៧គ្រឿង(HOGDA DREAM ចំនួន ៥គ្រឿង និងSUZUKI NEXT ចំនួន២គ្រឿង) ហើយបានយកកាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែននៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវពិតប្រាកមែន ( ឈ្មោះទី ឈ្មោះហេង និងឈ្មោះខ្លែត) គឺជាអ្នកកាន់កាំបិតចូលទៅកាប់លើជនរងគ្រោះ។

ជនសង្ស័យទាំង៣នាក់នាយយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលសេសសល់បន្ត៕

ដោយ ៖ សិលា


ចែករំលែក៖