ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសមួយក្រុមបើករថយន្តលឿន បុកខ្លោងទ្វារស្ពានវត្តព្រហ្មរ័ត្ន

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មាន នៅថ្ងៃអង្គារទី២៤ ខែធ្នូ ឆ្នាំ២០២៤ នេះថា ៖ មានជនបរទេសមួយក្រុមបានបើករថយន្តខ្វះការប្រុងប្រយ័ត្នទៅបុកខ្លោងទ្វារស្ពានវត្តព្រហ្មរ័ត្ន ក្នុងទិសដៅពីជើងទៅត្បូង បង្កឲ្យមានការភ្ញាក់ផ្អើល និងខូចខាតយ៉ាងខ្លាំងទាំងឡាន និងខ្លោងទ្វារ។ 

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ០០ និង៤៥នាទី នៅត្រង់ចំណុចមុខវត្តព្រហ្មរ័ត្ន ស្ថិតនៅភូមិមណ្ឌល១  សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប លើផ្លូវវិថីពោធិ៍កំបោរ។

សមត្ថកិច្ចបានបន្តថា ៖ រថយន្តបុកខ្លោងទ្វារស្ពានវត្តព្រហ្មរ័ត្នម៉ាក Hongqi HS5  ពណ៌ខៀវ ផ្លាកលេខភ្នំពេញ.2CA -5186  អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ នៅក្នុងរថយន្តមានគ្នាចំនួន៣នាក់៖

-ឈ្មោះ WANG.NANJIE ភេទប្រុស អាយុ33ឆ្នាំ ជនជាតិចិន។

-ឈ្មោះ PHAN THI NGOC.HAN ភេទស្រី អាយុ24ឆ្នាំ ជនជាតិវៀតណាម។

-ឈ្មោះ LUO.LITAO ភេទស្រី អាយុ25ឆ្នាំ ជនជាតិចិន។ 

សមត្ថកិច្ចបានបន្តទៀតថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកនៅក្នុងរថយន្តទាំងបីនាក់ របួស (ស្រាល)។ រថយន្ត ខូចខាត (ធ្ងន់)។ ខ្លោងទ្វារស្ពាន ខូចខាត (ធ្ងន់)។ តាមសន្និដ្ឋាន:រថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន អាចអ្នកបើកបរស្ថិតក្នុងស្ថានភាព ងងុយ ឬ ស្រវឹង។ 

បើតាមសមត្ថកិច្ច បន្ទាប់ពីកាត់ហេតុ ក្រុមជំនាញចរាចរណ៍បានធ្វើការវាស់វែងត្រួតពិនិត្យ និងបានសាកសួររកអ្នកបើកបររថយន្តដោយឈ្មោះ WANH NANJIE ឆ្លើយថាគាត់ជាអ្នកបើកបរនិងជាម្ចាស់រថយន្ត។ នេះជាសំណាងផងដែរ ដែលគ្មានអ្នកដំណើរ និងឡានផ្សេងទៀត។ 

សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនីតិវិធី ៕ 

ដោយ ៖ សិលា


ចែករំលែក៖