ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ថិតនៅវត្តសោភ័ណ្ឌមុន្យារាម (ហៅវត្តកោះតាញ៉ា) ឃុំសូគង ស្រុកកងមាស។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងលោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាមផងដែរ។
លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ក្នុងនោះសូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រប់ប្រភេទ រួមមានបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹង ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។
លោក អភិបាលខេត្តបន្តថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមាន អាស្រ័យកត្តាបីសំខាន់គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និង ការឆក់ឱកាសពីជនល្មើស។ រូបភាពនៃ អំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏ មានបាតុភាពមួយចំនួនទៀត ដូចជាអំពើជួញដូរសេរីរាង្គ និង បទល្មើសរត់ពន្ធ ឬ ជួញដូរទារកឆ្លងដែន ក្រោមរូបភាពអំពើជួលពពោះជំនួសជាដើម ដែលនេះជាកង្វល់ថ្មីទៀត ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បាននឹងកំពុងតែដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបជាបណ្តើរៗ ឱ្យបានទាន់ពេលវេលា ។
បើតាមរបាយការណ៍ ដែលអានដោយលោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខា ធិការដ្ឋាន គ.ខ.ប.ជ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ នេះគណៈកម្មាធិការខេត្តដែលមានក្រុមការងារ ជំនាញទាំង៦ រឹតតែបង្កើនសកម្មភាពការងារកាន់តែខ្លាំងក្លាឡើងថែមទៀតដើម្បីរួមគ្នាសម្រេចតាមគោលដៅ នៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបង្ក្រាប និងទប់ស្កាត់អំពើ ជួញដូរមនុស្ស នៅទូទាំងប្រទេស ជាក់ស្តែងគណៈកម្មាធិការខេត្តកំពង់ចាមបានធ្វើ សកម្មភាពជាច្រើនដូចជា ៖ ការគ្រប់គ្រងស្ថិតិ បច្ចុប្បន្នភាពចំណាកស្រុក ទៅក្រៅប្រទេស, ការងារអប់រំ និងផ្សព្វផ្សាយ , ការបង្ការ ទប់ស្កាត់ តាមវិធានការជំនាញ , កិច្ចការពារជនរងគ្រោះ ការផ្តល់សេវាគាំទ្រ, និងការងារបណ្តុះបណ្តាលផងដែរ៕
ដោយ ៖ សិលា