ខេត្តស្វាយរៀង៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្រ្តីបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ៤ ១០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយថ្មភ្នំ ទទឹង ១ម៉ែត្រ សាសង់លូមូលមុខបីចំនួន ០១កន្លែង លូមូលមុខមួយចំនួន ១១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំលង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះដែរ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិឌ្ឍន៍ជនបទ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ លោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ និងបានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវ និងលូនៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង។ គណៈប្រតិភូអន្តរក្រសួងសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុកថែទាំបន្ត ដោយសហការណែនាំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវ និងលូខាងលើ ឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព ត្រូវមានការយាមកាមយ៉ាងហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវ និងលូអោយបានគង់វង្សយូរអង្វែង ហើយចាត់ទុកថាផ្លូវ និងលូនេះ ជារបស់ពួកគាត់។
លោក បានបន្តថា ខ្សែផ្លូវជនបទនេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ និងប្រជាកសិករអាចធ្វើដំណើរមកទទួលសេវានានាបានងាយស្រួល ព្រមទាំងអាចដឹកជញ្ជូនកសិផលមកកាន់ទីផ្សារនៅរួមខេត្ត ដោយចំណេញពេលវេលា និងកាត់បន្ថយចំណាយថ្លៃដើមផងដែរ។ ម្យ៉ាងទៀតតាមរយៈផ្លូវល្អប្រជាពលរដ្ឋកាន់តែចំណេញពេល ធ្វើដំណើរទៅធ្វើការនៅតាមបណ្តារោងចក្រ និងសហគ្រាសនានាក្នុងខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោក រដ្ឋលេខាធិការ ក្រសួងអភិឌ្ឍន៍ជនបទបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោក រដ្ឋមន្រ្តី ប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួម ដោយក្នុង ម្នាក់ៗទទួលបានក្រម៉ា មួយ យ៉ាងភាពស្និទ្ធស្នាលផងដែរ៕
ដោយ៖ សុថាន