ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ សម្រេចចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ៖ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យឈ្មោះ ស៊ុន ថារ័ត្ន និងបក្ខពួក ពីបទ៖ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា៖កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានបញ្ជូន សំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង (ឈ្មោះក្រុម CJ កាហ្វេចែ) ឈ្មោះ ស៊ុន ថារ័ត្ន ភេទប្រុស កើតឆ្នាំ២០០៦ និងបក្ខពួកប្រហែល ១៣នាក់ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូចំនួន ០៧គ្រឿង បាននាំគ្នាធ្វើសកម្មភាពកាន់ដាវកែច្នៃ ជិះដេញម៉ូតូរបស់ជនរងគ្រោះ និងបានស្រែកឱ្យជនរងគ្រោះ ឈប់តែជនរងគ្រោះមិនបានឈប់ម៉ូតូទេ បានជិះម៉ូតូមកដល់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានផ្ដួលម៉ូតូចោល និងរត់គេចខ្លួន ហើយក្រុមជន សង្ស័យបានយកដាវកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យរងការខូចខាត ហើយបាននាំ គ្នាជិះគេចខ្លួនអស់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០២ និង៤០នាទី រំលងអធ្រាត ។ លុះមកដល់ម៉ោង ១៦ និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ស៊ុន ថារ័ត្ន ចំណែកបក្ខពួកដែលពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីទទួល និងពិនិត្យសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើ ជនសង្ស័យឈ្មោះ ស៊ុន ថារ័ត្ន និងបក្ខពួក ពីបទ៖ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿង ព្រមទាំងជនសង្ស័យទៅ ចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖