ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង៖ មិទ្ទីងអបអរសាទរ០៧ មករា ឆ្នាំ២០២៥ធ្វើនៅសាលមហោស្រពកោះពេជ្រ មានសមាជិកនិងមហាជនចូលរួមជាង២ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖  បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) គ្រោងនឹងធ្វើមិទ្ទីងអបអរ សាទរនៅព្រឹកថ្ងៃទី០៧ មករា ឆ្នាំ២០២៥ នាទីធ្លាមុខសាលមហោស្រពកោះពេជ្រ ដោយមានសមាជិកនិងមហាជនចូលរួមជាង២ម៉ឺននាក់។

ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងមានសមត្ថកិច្ច សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូននិងជោគជ័យ នៅថ្ងៃទី៣១ ខែ ធ្នូ  ឆ្នាំ២០២៤ ។ 

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងឱកាសរៀបចំពិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ជារឿងសំខាន់បំផុត ដែលអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចរបស់យើងត្រូវយកចិត្តទុកដាក់ សំដៅធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីនេះប្រព្រឹត្តទៅបានរលូននិងប្រកបដោយជោគជ័យ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ ពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា យើងជាមន្ត្រីដែលចូលរួមក្នុងពិធីនេះត្រូវតែមានវិន័យល្អ។យើងជាមន្ត្រីឬកងកម្លាំងម្នាក់ដែលចូលរួមក្នុងពិធីនេះម្នាក់គឺជាអ្នកថែរក្សាសន្តិសុខម្នាក់ ដោយត្រូវចាប់អារម្មណ៍ខ្លាំងទៅលើបញ្ហាសន្តិសុខ បើទោះបីប្រទេសជាតិយើងមានសន្តិភាពពេញលេញក៏ដោយ។ 

ឯកឧត្ដមអភិបាលរាជធានីបានបន្តទៀតថា៖ ទិវាជ័យជម្នះ ៧មករា គឺជាទិវាបុណ្យជាតិ ក្នុងនាមអាជ្ញាធរត្រូវបំផុសប្រជាពលរដ្ឋឲ្យចងទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសម្អាតអនាម័យបរិស្ថានឲ្យបានល្អ។

ឯកឧត្ដមឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវគិតពីចំណុចខ្ពស់ ចាប់ពីថ្ងៃនេះតទៅ។ ពិសេសនាយប់ថ្ងៃទី៣១ធ្នូ២០២៤មានព្រឹត្តតិការណ៌«សាទរកម្ពុជា»ហើយនៅវេលាយប់ថ្ងៃទី១មករាឆ្នាំ២០២៥ក្រោយឆ្លងឆ្នាំរួច ពោលគឺចប់ពិធីភ្លាមប្រជាពលរដ្ឋ ដែលដើរលេងកម្សាន្តនឹងខ្លះចុះពីលើអគារខ្ពស់ៗព្រមៗគ្នាដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ ដូច្នេះកងកម្លាំងនិងអាជ្ញាធរយើងត្រូវសម្រួលចររាចរណ៍ជាមួយនឹងការរក្សាសន្តិសុខ សុវត្ថិភាពជូនពួកគាត់អោយបានល្អបំផុត។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សម្រាប់សកម្មភាពក្មេងទំនើងវិញ នៅតែកើតមាននៅឡើយទេ ដូច្នេះនៅចប់ពីបុណ្យឆ្លងឆ្នាំសកលនេះទៅ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីរកវិធីសាស្ត្របង្ក្រាបក្មេងទំនើងទាំងនេះឲ្យដល់ឬសគល់ ដោយចាប់ផ្ដើមអនុវត្តពីថ្នាក់ភូមិ សង្កាត់ ព្រោះថាប្រធានភូមិ ចៅសង្កាត់នេះហើយ ជាអ្នកនៅកៀកកិតជាមួយប្រជាពលរដ្ឋ ជាអ្នកដឹងព័ត៌មានពីក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលយើងនឹងអាចបង្ក្រាបក្រុមនេះឲ្យដល់ឬសគល់តែម្ដង។

ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានថ្លែងកោតសរសើរដល់អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងកងកម្លាំងមានសមត្ថកិច្ចយើងទាំងអស់ដែលយកអស់កម្លាំងកាយចិត្តរួមសហការគ្នាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យបានល្អប្រសើរនាថ្ងៃទី២៩ធ្នូ ២០២៤ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»នាពហុកីឡដ្ឋានជាតិមរតកតេជោ៕

ដោយ ៖ សំរិត


ចែករំលែក៖