ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកចំនួន​ ៥នៅថៃ ត្រូវ​បានប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារតែហានិភ័យឆ្លងជំងឺអាសន្នរោគពីប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

ប្រទេស​ថៃ៖​ យោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី១​ ខែមករា​ ឆ្នាំ២០២៥​ បាននិយាយថា៖​ អាជ្ញាធរ​ថៃ បានប្រកាសអាសន្ន ដាក់ស្រុកចំនួន៥ក្នុងខេត្ត Tak នៃព្រំដែនភាគខាងជើង ចូលជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ដោយសារតែហានិភ័យឆ្លងជំងឺអាសន្នរោគពីប្រទេសមីយ៉ាន់ម៉ា​ ត្បិតថាពេលនេះស្ថានការណ៍ហាក់គ្រប់គ្រងបាន រីឯករណីឆ្លងនៅមីយ៉ាន់ម៉ា ក៏កំពុងថយចុះគួរឲ្យកត់សម្គាល់ក៏ដោយ។

Bangkok Post បាននិយាយបញ្ជាក់ថា ស្រុកចំនួន៥ក្នុងខេត្ត Tak ដែលដាក់ចូលជាតំបន់ក្រហមទាំងនោះមានដូចជា៖ Mae Sot, Mae Ramat, Phop Phra, Tha Song Yang និង Umphang។

ជាមួយគ្នានោះ​ លោកវេជ្ជបណ្ឌិត Ramet Wongwilairat នាយកមន្ទីរពេទ្យ Mae Sot លើកឡើងជុំវិញរឿងនេះថា ត្បិតស្ថានការណ៍មិនធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែមានហានិភ័យនៃករណីថ្មីនាពេលអនាគត។​ 

ដោយឡែក​មន្ត្រីតាមដានសុខភាពសាធារណៈ បានបញ្ជាក់ថា គិតត្រឹមពេលនេះ មន្ទីរពេទ្យ Mae Sot រកឃើញអ្នកឆ្លងជំងឺអាសន្នរោគចំនួន៤ករណី ក្នុងនោះមានថៃ២នាក់ និងមីយ៉ាន់ម៉ា ២នាក់ ប៉ុន្តែបានព្យាបាលឲ្យជាសះស្បើយរួចហើយ។

សូមជម្រាបជូនថា​ ត្បិតតែមីយ៉ាន់ម៉ា ហាក់ធូរស្រាលបន្តិចពីជំងឺអាសន្នរោគក៏ពិតមែន ប៉ុន្តែបើតាមរបាយការណ៍ពីឆ្មាំព្រំដែនថៃបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ដល់២៧ខែធ្នូឆ្នាំ២០២៤ ក្រុង Shwe Kokko មានការឆ្លងជំងឺនេះ៧៦១ករណី ដែលតម្រូវឲ្យចូលព្យាបាលក្នុងមន្ទីរពេទ្យ។

អាសន្នរោគ​ គឺជាជំងឺឆ្លងដោយបាក់តេរី Vibrio cholerae ដែលបណ្តាលឲ្យបាត់បង់ជាតិទឹកក្នុងរាងកាយ ដោយសាររាកខ្លាំង ហើយអាចឈានស្លាប់ ប្រសិនបើព្យាបាលមិនទាន់ពេល។​ ជំងឺនេះភាគច្រើន ឆ្លងតាមការទទួលទានទឹកឬអាហារដែលមានបាក់តេរីនេះ។ វិធីដើម្បីបង្ការអាសន្នរោគ គឺត្រូវរក្សាអនាម័យខ្ពស់ ផឹកទឹកនិងទទួលទានអាហារឆ្អិនល្អ ប្រើបង្គន់ស្អាត និងលាងដៃដោយសាប៊ូ៕

ដោយ​៖ តារា​


ចែករំលែក៖