ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានដេកស្លាប់នៅកន្លែងមាត់អូរក្នុងចំការអំពៅ ខណៈដែលផឹកស៊ីជុំគ្នាសង្ស័យស្រវឹងស្រា ហើយស្ពាយដុំឆក់ដើរឆក់ត្រី ខុសបច្ចេកទេសឆក់ខ្លួនឯងស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យ។
ការភ្ញាក់ផ្អើលយុវជនម្នាក់ដើរឆក់ត្រី ឆក់ខ្លួនឯងស្លាប់នេះ កាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅចំណុចចម្ការដូង ឈ្មោះ ងួន ញ៉ក់ ស្ថិតក្នុងភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកថ្ពងបានឱ្យដឹងថា បើយោងតាមការបំភ្លឺរបស់ឈ្មោះ ខឹម វុទ្ធី ភេទប្រុស អាយុ៥០ឆ្នាំជាអ្នកចាំចំការនៅចំណុចកើតហេតុខាងលើ ហើយត្រូវជាពូថ្លៃជនរងគ្រោះ ឈ្មោះ ណាត ណេត ភេទប្រុស អាយុ២៨ ឆ្នាំមុខរបរចាំចំការដូងជាមួយគ្នាប្រហែលជាម៉ោង៨យប់ ថ្ងៃទី០១ ខែមករា ពួកគេបានសម្រាកពីការផឹកស៊ីជាមួយគ្នារួចចូលដេករៀងៗខ្លួន។ លុះព្រឹកឡើងមិនឃើញក្មួយក៏បានដើររកជុំវិញផ្ទះហើយបានបាត់ឧបករណ៍ឆក់ត្រីសង្ស័យ ក្មួយទៅឆក់ត្រីក៏បានដើររកនៅតាមអូររហូតដល់ក្នុងចំការអំពៅ លុះដល់ចំណុច អូរត្រពាំងត្នោត ក្នុងចំការអំពៅ រួចខ្លួនក៏បានដើររកតាមអូរក៏ប្រទះឃើញដេកស្លាប់នៅមាត់អូរ ដោយឧបករណ៍ឆក់ត្រីមិនបានបិទចរន្តនិងស្ពាយនៅជាប់ខ្នង ហើយថែមទាំងមានត្រីមួយស្បោងនៅជាប់ហ្នឹងខ្លួន នៅកន្លែងជនរង គ្រោះដេកស្លាប់តែម្តង។
មន្ត្រីនគរបាលស្រុកបញ្ជាក់ថា ក្រោយទទួលព័ត៌មានជំនាញបានសហការជានគរបាលប៉ុស្តិ៍ឃុំចុះដល់កន្លែងកើតហេតុ ធ្វើកោសលវិច្ច័យលើសាកសព ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់និង ពុំមានពាក់ព័ន្ធករណីឃាតកម្មឡើយ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបាននគរបាលជំនាញប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា