ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈ ប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា ឯនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២ នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងសម្តែងនូវសេចក្តីសង្វេគសោកស្ដាយ ស្រណោះអាឡោះ អាល័យ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ ឧបនាយករដ្ឋមន្ត្រី  បានចាត់ទុកមរណភាពរបស់លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន គឺជាការបាត់បង់ភរិយា ម្តាយ ម្តាយក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅ ប្រុស ចៅស្រី ដែលពេញមួយជីវិតរបស់លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានបូជាកម្លាំងកាយចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មាន បុត្រធីតា និងចៅៗ ឱ្យក្លាយជាធនធាន មនុស្សដ៏សំខាន់ ដែលបាន និងកំពុងរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ព្រមទាំងជាការបាត់បងនូវពុទ្ធសាសនិកដ៏ល្អមួយរូប ដែលមានសទ្ធាជ្រះថ្លាក្នុងការរួមចំណែកកសាង លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយនាយឧត្តមសេនីយ៍ ព្រម ទាំងក្រុមគ្រួសារទាំងមូល និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ឆាប់បានយោនយក កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖