ភ្នំពេញ៖ បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយកាលពីចុងខែធ្នូ ឆ្នាំ២០២៤ថ្មីៗនេះថា៖ ប្រទេសកម្ពុជា នាឆ្នាំ២០២៤កន្លងទៅនេះ វិស័យសំណង់ និងអចលនទ្រព្យ មានសញ្ញាវិជ្ជមានឡើងវិញ ក្នុងនោះ ការផ្ដល់ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានកើនទំហំទឹកប្រាក់ ១៣,៥១ ពាន់លានដុល្លារអាមេរិក។
របាយការណ៍ដដែល បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ បានបង្ហាញថា ឥណទានក្នុងវិស័យសំណង់មានទំហំទឹកប្រាក់ប្រមាណ ២៩ ១៩៩ពាន់លានរៀល ឬស្មើនឹងប្រមាណ ៧,៣ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៣មានការកើនឡើងប្រមាណ ៣៣,៣ភាគរយ ។ ចំណែកការផ្ដល់ឥណទានទៅក្នុងវិស័យអចលនទ្រព្យមានទំហំទឹកប្រាក់ប្រមាណ ២៤ ៨៦៣ពាន់លានរៀល ឬស្មើនឹងប្រមាណ ៦,២១ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៣ កើនឡើងប្រមាណ១៧,៨ភាគរយ ។
ប្រភពដដែលរំលេចថា ការផ្ដល់ឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យសេដ្ឋកិច្ច គិតត្រឹមខែតុលា ឆ្នាំ២០២៤ មានទំហំទឹកប្រាក់សរុបប្រមាណ ២៤៧ ៦៣១ពាន់លានរៀល ឬស្មើនឹងប្រមាណ ៦០,៩ពាន់លានដុល្លារកើនឡើងប្រមាណ២,២ភាគរយ ធៀបនឹងឆ្នាំ២០២៣ ។ ការកើនឡើងនេះ រួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ និងកម្មន្តសាល ។
ដោយឡែកយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០២៤ គម្រោងសំណង់ទូទាំងប្រទេសមានចំនួន ២ ៦២២គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ចំនួនជាង១០លានម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤ ៣៣៤លានដុល្លារ ។
របាយការណ៍ដដែលក៏បានបង្ហាញនូវគម្រោងសាងសង់អគារខ្ពស់ចាប់ពី៥ជាន់ឡើងទៅ ក្នុងឆ្នាំ២០២៤ មានចំនួន១៦៥គម្រោងស្មើនឹង ១៨៤អគារ បុរីលំនៅឋានមានចំនួន ២៩គម្រោង ស្មើនឹង ៨ ០៨៥ខ្នង អគារផ្ទះល្វែង មានចំនួន១០ ៣៦៨ល្វែង អគារស្នាក់នៅរួមមានចំនួន៩៣គម្រោង សំណង់អគារសណ្ឋាគារចំនួន១២គម្រោង សំណង់អគារពាណិជ្ជកម្មមាន១៥១គម្រោង សំណង់អគាររោងចក្រមានចំនួន ១១៨គម្រោង និងអគារពហុមុខងារមានចំនួន ១៨គម្រោង៕
ដោយ៖ តារា