នៅថ្ងៃទី 3 ខែមករា មានអ័ព្ទយ៉ាងក្រាស់នៅក្នុងរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌាបានធ្វើឱ្យមន្ត្រីអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ចេញការព្រមានអំពីការរំខានការហោះហើរដែលអាចកើតមាន។
ការព្រមាននេះត្រូវបានចេញដោយសារតែគុណភាពខ្យល់កាន់តែអាក្រក់ធ្វើឱ្យការមើលឃើញធ្លាក់ចុះដល់សូន្យក្នុងតំបន់មួយចំនួន។
ក្រុង Delhi ដែលកំពុងជួបប្រទះនឹងផ្សែងអ័ព្ទក្រាស់ និងគុណភាពខ្យល់មិនល្អចាប់តាំងពីដើមរដូវរងាមក បានជាប់ចំណាត់ថ្នាក់ទីបីក្នុងចំណោមរាជធានីដែលបំពុលខ្លាំងបំផុតរបស់ពិភពលោកក្នុងចំណាត់ថ្នាក់ផ្ទាល់របស់ក្រុម Swiss IQAir។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមអ្នកនាំពាក្យរបស់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi ក្នុងទីក្រុង New Delhi មកទល់ពេលនេះ គ្មានជើងហោះហើរណាមួយត្រូវបានបង្វែរ ឬលុបចោលនោះទេ បើទោះបីជាមានការព្រមានពីអាជ្ញាធរនៅក្នុងប៉ុស្តិ៍ X ថា យន្តហោះដែលគ្មានឧបករណ៍អនុញ្ញាតឱ្យចុះចតក្នុងស្ថានភាពមើលឃើញទាបអាចមានការលំបាក។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ឥណ្ឌា IndiGo និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Spicejet ក៏បានព្រមានអំពីការពន្យារពេលដោយសារតែអាកាសធាតុ។
គេហទំព័រអាកាសចរណ៍ FlightRadar24 បាននិយាយថា ការពន្យារពេលជាមធ្យមគឺ 8 នាទីសម្រាប់ជើងហោះហើរ 20 គិតត្រឹមម៉ោង 10:14 ព្រឹក ថ្ងៃទី 3 ខែមករា។ ទន្ទឹមនឹងនោះ សេវារថភ្លើងមួយចំនួននៅក្នុងរដ្ឋធានីដេលីក៏ត្រូវបានពន្យារពេលផងដែរ។
ទីភ្នាក់ងារគ្រប់គ្រងការបំពុលកំពូលរបស់ប្រទេសឥណ្ឌាបាននិយាយថា គុណភាពខ្យល់នៅទីក្រុងញូវដែលីត្រូវបានវាយតម្លៃថា “អន់ណាស់” នៅ ថ្ងៃទី 3 ខែមករា ជាមួយនឹងសន្ទស្សន៍ 351 ដែលលើសពីចន្លោះពី 0 ទៅ 50 ដែលត្រូវបានចាត់ទុកថាជា “ល្អ”៕ ដោយ៖ ធីរីណា
រូបថត៖ Reuters