ចំនួនកុមារដែលកើតនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ 2024 បានកើនឡើងចំនួន 3.1% បើធៀបនឹងឆ្នាំ 2023 ដែលនេះជាលើកទីមួយហើយដែលអត្រាកំណើតរបស់ប្រទេសនេះបានកើនឡើងបន្ទាប់ពីរយៈពេលប្រាំបីឆ្នាំនៃការធ្លាក់ចុះជាបន្តបន្ទាប់។
ចំនួនកុមារសរុបដែលកើតក្នុងឆ្នាំ 2024 នៅក្នុងប្រទេសកូរ៉េមានចំនួន 242,334 នាក់ កើនឡើង 3.1% បើធៀបនឹងឆ្នាំ 2023 នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលក្នុងតំបន់។ ទោះបីជាមិនមានតួលេខផ្លូវការពីទីភ្នាក់ងារស្ថិតិកូរ៉េក៏ដោយ ក៏Korea Times បានអត្ថាធិប្បាយថាអត្រាកំណើតរបស់ប្រទេសនឹងពិតជាកើនឡើងនៅឆ្នាំ 2024 ។
នៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2024 លោក Joo Hyung-hwan អនុប្រធានគណៈកម្មាធិការប្រធានាធិបតីស្តីពីគោលនយោបាយប្រជាជន និងសង្គមមនុស្សវ័យចំណាស់នៃប្រទេសកូរ៉េក៏បានប្រកាសថាអត្រាកំណើតរបស់ប្រទេសត្រូវបានគេរំពឹងថានឹងឈានដល់ 0.74 បន្ទាប់ពីឆ្នាំ 2024 ។
“អត្រាអាពាហ៍ពិពាហ៍បានកើនឡើង 5 ខែជាប់ៗគ្នាខណៈពេលដែលចំនួនកំណើតបានកើនឡើងក្នុងរយៈពេល 2 ខែ។ លោក Joo បាននិយាយថា សញ្ញានេះបង្ហាញថា អត្រាកំណើតនៅឆ្នាំ 2024 នឹងកើនឡើងជាលើកដំបូង បន្ទាប់ពីការធ្លាក់ចុះ 8 ឆ្នាំជាប់ៗគ្នា។
តួលេខព្យាករណ៍នៃ 0.74 គឺខ្ពស់ជាងការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារស្ថិតិ 0.68 ក៏ដូចជាកំណត់ត្រាទាបនៃ 0.72 ក្នុងឆ្នាំ 2023។
ទោះបីជាមានការប្រសើរឡើងក្រោយរយៈពេលប្រាំបីឆ្នាំក៏ដោយ ក៏អត្រាកំណើតនៅក្នុងប្រទេសនៅតែទាបជាងកម្រិត 2.1 ដែលបានណែនាំដើម្បីរក្សាចំនួនប្រជាជនរបស់ប្រទេស។ ប្រទេសកូរ៉េខាងត្បូងនៅតែមានអត្រាកំណើតទាបបំផុតមួយក្នុងពិភពលោក។ បច្ចុប្បន្នចំនួនពលរដ្ឋសរុបក្នុងប្រទេសនេះមានជាង ៥១,២ លាននាក់ និងបានថយចុះជាបន្តបន្ទាប់តាំងពីឆ្នាំ ២០២០។
នៅក្នុងខែមិថុនា ឆ្នាំ 2024 ប្រធានាធិបតី Yoon Suk-yeol បានប្រកាសថា ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុង “គ្រាអាសន្នប្រជាសាស្រ្តជាតិ” ដោយសារតែការថយចុះចំនួនប្រជាជន។ ដូច្នេះរដ្ឋាភិបាលត្រូវពង្រឹងវិធានការជំរុញអត្រាកំណើត៕ ដោយ៖ ធីរីណា
រូបថត៖ YONHAP