ខេត្តស្ទឹងត្រែង៖ កាលពីពេលថ្មីៗនេះ នៅចំនុចអូរចំបក់ ស្រុកសេសាន បានលឺស្នូរទះដៃបន្លឺឡើង ខណៈពេល លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងតំបន់ដីមិនស្របច្បាប់នោះ ហើយបានយល់ព្រមតាមការជួយដោះស្រាយសម្របសម្រួល ទៅរស់នៅលើដីស្របច្បាប់វិញ ។
តាមPage ផ្លូវការរបស់លោក អភិបាលខេត្ត បានបង្ហោះកាលពីកន្លងទៅនេះថា៖( ដោយសំដៅលើការរស់នៅលើដីមិនស្របច្បាប់របស់ប្រជាពលរដ្ឋ ចំនុចអូរចំបក់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយបានសរសេរថា)៖ មានតែគោលការណ៍ឈ្នះ ឈ្នះ ប៉ុណ្ណោះ ដែលអាចផ្លាស់ប្តូរការរស់នៅរបស់បងប្អូន លើដីខុសច្បាប់ មកជាការរស់នៅលើដីស្របច្បាប់វិញ។
សូមបញ្ឈប់ការជឿលើ (ចាញ់បោក) ពួកមេខ្យល់ ដែលញុះញង់នាំបងប្អូនមកទន្រ្ទានកាន់កាប់ដីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ លទ្ធផលចុងក្រោយ ខាតពេលវេលា ខាតបង់លុយកាក់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
វិវាទរ៉ាំរៃ ទំនាស់រ៉ាំរៃ ការទន្រ្ទានដីដោយខុសច្បាប់នៅលើទឹកដីខេត្តស្ទឹងត្រែងនឹងត្រូវបញ្ចប់ជាបន្តបន្ទាប់ ខណៈ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតី និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាល មានភាពឈ្លាសវៃ ប៉ិនប្រសប់ សម្របសម្រួលដំណោះស្រាយ តាមគោលការណ៍ឈ្នះ ឈ្នះ តាមការណែនាំនិងទឹកចិត្តសន្តោសប្រណីរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នាំឱ្យប្រជាពលរដ្ឋរស់នៅតំបន់កំពុងមានវិវាទ ទំនាស់ដីធ្លី និងការរស់មិនស្របច្បាប់ បានវិលទៅរស់នៅដីស្របច្បាប់ បន្ទាប់ពីពួកគាត់បានយល់ច្បាស់ ពីការទន្រ្ទានដីដោយខុសច្បាប់ វិលត្រឡប់មកជាពលរដ្ឋល្អ ពលរដ្ឋដែលរស់នៅដោយស្របច្បាប់។
លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឈប់ចាញ់បោកមេខ្លោង ដែលអូសទាញឱ្យទៅកាប់ទន្ទ្រាន ឬទិញលក់ ដីព្រៃរបស់រដ្ឋខុសច្បាប់តទៅទៀត ព្រោះពេលនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះការទប់ស្កាត់ និងបង្រ្កាបបទល្មើសដុតបំផ្លាញ និងកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋខុសច្បាប់នៅគ្រប់កន្លែង៕
ដោយ ៖ សិលា