ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺឆ្កួតជ្រូកត្រូវខ្យល់គរប្រកាច់ស្លាប់ភ្លាមៗនៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៨និង៣នាទី សមត្ថកិច្ចនគរបាលស្រុកលំផាត់បានទទួលព័ត៌មានពីលោកមេប៉ុស្តិ៍ជ័យឧត្តមថា​ មានករណី​(ខ្យល់គរគាំងបេះដូង )ស្លាប់មនុស្សចំនួន០១ នាក់(ប្រុស)នៅចំណុចលើផ្ទះឈ្មោះឡង ដានី ស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះពាញ ប៊ុនយ៉ន ភេទប្រុស អាយុ​៥០ឆ្នាំ ជនជាតិខ្មែរ ជាកសិករ មានទីលំនៅបច្ចុប្បន្នភូមិដីឡូត៍  ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។

បន្ទាប់ពីទទួលព័ត៌មានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកលំផាត់ បានសហការជាមួយកម្លាំងប៉ុស្តិ៍ជ័យឧត្តម និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ត្រួតពិនិត្យសាកសព។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៨និង៣០នាទីព្រឹក ជនរងគ្រោះបានទៅលេងព្រះសង្ឃនាមតាផល គង់នៅវត្តលំផាត់ ដោយសម្រាកដេកលេងរហូតដល់ម៉ោង ៥និង ៤០នាទីល្ងាច ព្រះសង្ឃនាមតាផល បានទៅលេងផ្ទះឈ្មោះ ឡង ដានី ហើយជនរងគ្រោះអត់ហ៊ានដេកនៅវត្តម្នាក់ឯងក៏ដើរទៅតាមព្រះសង្ឃនាមតាផល រហូតដល់ផ្ទះឈ្មោះឡង ដានី ហើយជនរងគ្រោះក៏បានឡើងទៅលើផ្ទះអង្គុយលេងធម្មតា។ ពេលនោះជនរងគ្រោះក៏មានអាការប្រកាច់ ឃើញដូច្នេះ ព្រះសង្ឃនាមតាផល ក៏បានជួយទ្រជនរងគ្រោះ។ បន្ទាប់មកឱ្យជនរងគ្រោះដេកកើយក្បាលលើខ្នើយ ហើយជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ភ្លាមៗ តែម្តង។

សូមបញ្ជាក់ដែរថា ជនរងគ្រោះមានជំងឺប្រចាំកាយឆ្គួតជ្រូកដល់ខែឈឺប្រកាច់ម្តងៗ។ សមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុឃើញសភាពសពជនរងគ្រោះធម្មតាពុំមានប្រែប្រួលឡើយ។ 

សពដេកស្លាប់ក្បាលទៅទិសខាងជើង,ជើងទៅទិសខាងត្បូង ដៃទាំងពីរស្របលើដងខ្លួន សពមានសភាពរឹងពោះធម្មតាគ្នានក្លិន មាត់ចំហ មានទឹករំអិលចេញតាមមាត់ និងចេញតាមរន្ធច្រមុះ  ភ្នែកបិទ  ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវសដៃខ្លីខាងក្រៅ អាវយឺតពណ៌ុំក្រហមខាងក្នុង នៅលើដងខ្លួន និងអវៈយវៈពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

យោងតាមការពិនិត្យសាកសព សាកសួរបំភ្លឺជាមួយលោកតាផល និងម្ចាស់ផ្ទះនៅជុំវិញកន្លែងកើតហេតុ អាចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ខ្យល់គរគាំងបេះដូងពិតប្រាកដមែន។

បន្ទាប់ពីកិច្ចប្រតិបត្តិការរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសព ឱ្យបងប្អូនជនរងគ្រោះចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖