ខេត្តកោះកុង៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃអាទិត្យទី០៥ ខែមករា ឆ្នាំ២០២៥នេះថា៖ ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥នេះ។
លោក ផន រឹម បានបន្តថា នៅមិនយូរប៉ុន្មានទេការងារអ៊ុតACនឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុតACនេះ គ្រោងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះហើយ។ ទន្ទឹងនឹងនោះ កំណាត់ខ្លះនៃគម្រោង ក៏បានស្ថាបនារួចរាល់ហើយដែរ។
លោកអ្នកនាំពាក្យ បានគូសបញ្ជាក់យ៉ាងដូច្នេះថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤(បំបែកស្រែអំបិល)ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន៧៨%ហើយ។
ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ទៀតថា ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង លោកសូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសចំណុចឡើងទូល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងជួយកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ៕
ដោយ៖ តារា