ព័ត៌មានទាន់ហេតុការណ៍៖

លឿនជាងការគ្រោងទុក» ក្រសួង-ស្ថាប័ន និង ខេត្តមួយចំនួន បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល១០០ ភាគរយ

ចែករំលែក៖

ភ្នំពេញ ៖ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៥ មានរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ត្រឹមរយៈពេល៥ថ្ងៃពោលគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥មករានេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឱ្យដឹងថាមានក្រសួង-ស្ថាប័នចំនួន ០១ និងខេត្តចំនួន ០៧បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ១០០ភាគរយ។

      ដោយឡែកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង នៅថ្ងៃទី៥ ខែមករា បានចុះពិនិត្យមើលកន្លែងទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសួរសុខទុក្ខថ្នាក់ដឹកនាំមន្រ្តីនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលកំពុងបំពេញការងារថ្ងៃចុងសប្តាហ៍។

     ទាក់ទិនក្នុងរឿងនេះលោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានឱ្យដឹងថា មកទល់ពេលនេះ ក្រសួង-ស្ថាប័នចំនួន ០១ និងខេត្តចំនួន ០៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០ ភាគរយ រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។

       ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ចូលរួមបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និបំណុល ឱ្យបានចប់ ១០០ភាគរយ តាមកម្មវិធីដែលបានកំណត់។

      លោកបានបញ្ជាក់បន្ថែមថា ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៣៣ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ១៣,១៩៤ រូប ស្មើនឹង ៥៧,៩២  % នៃចំនួនត្រូវប្រកាសសរុប ២២,៧៧៦ រូប។

      គួរបញ្ជាក់ថាការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៥ មានរយៈពេល១ខែពេញ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ផ្ដើមពីម៉ោង ០៨:០០នាទី ព្រឹក ដល់ម៉ោង ០៥:០០នាទីល្ងាច នៅអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)៕

ដោយ ៖ សិលា


ចែករំលែក៖