ខេត្តស្ទឹងត្រែង ៖ ព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៥នេះ នៅបរិវេណសាលាស្រុកសៀមបូក បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់ក្បាលដី ក្នុងភូមិកោះសំពាយ ភូមិដំរីផុង ឃុំកោះសំពាយ និងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។
ថ្លែទៅកាន់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅមូលដ្ឋានចំនួន៦៧៦នាកចូលរួម ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា សកម្មភាពចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់ក្បាលដីនៅថ្ងៃនេះ ក៏ជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការអនុវត្តយុទ្ធសាស្ត្រដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកបានណែនាំដល់បណ្តារាជធានីខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងពាក់ព័ន្ធទាំងអស់រួមគ្នាបញ្ចប់ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងទទួលបាននូវប្រសិទ្ធផលឆ្លើយតបនិងបំណងរបស់ប្រជាពលរដ្ឋ។
ឯកឧត្ត ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬអ្វីដែលគេហៅថាប័ណ្ណកាន់កាប់ដីធ្លី គឺជាឯកសារច្បាប់ដ៏សំខាន់ ដែលភស្តុតាង បញ្ជាក់អំពីកម្មសិទ្ធិ ឬការកាន់កាប់ ដោយស្របច្បាប់។
ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានមានប្រសាសន៍បន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រដំណាក់កាលទី១ ដែលយើងត្រូវបំពេញការងារជាគន្លឹះ ហើយការចែកប័ណ្ណជូនប្រជាពលរដ្ឋនេះក៏ជាគោលនយោបាយមួយក្នុងការបញ្ចប់វិវាទដីធ្លីផងដែរ។
លោក សួង ហ៊ី អភិបាលស្រុកសៀមបូកបានឲ្យដឹងថាពាក់ព័ន្ធនិងយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបច្ចុប្បន្នរដ្ឋបាលស្រុកបាននិងកំពុងចិត្តទុកដាក់ខ្លាំងក្នុងការអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី តាមយន្តការ ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ជាពិសេសបាននិងកំពុងយកចិត្តទុកដាក់សហការជាមួយមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំកោះសំពាយ ឃុំស្រែក្រសាំង ឃុំកោះស្រឡាយ និងបន្តទៅឲ្យបានគ្រប់ឃុំនៃស្រុកសៀមបូកផងដែរ។
គួបញ្ជាក់ផងដែរថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់ក្បាលដីដែលបានចែកជូនប្រជាពលរដ្ឋនីៅក្នុងឃុំកោះសំពាយ និងឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែងនាពេលនេះមានសរុបចំនួន២,២៤៣ ប័ណ្ណ៕
ដោយ ៖ ស សម