ភ្នំពេញ ៖ បុរសម្នាក់មិនឃើញចេញពីផ្ទះច្រើនថ្ងៃទើបតែដឹងថាស្លាប់ក្នុងផ្ទះតែម្នាក់ បន្ទាប់ពីមានក្លិនស្អុយហើយអ្នកជិតខាងរាយការណ៍ទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នៅចំណុចផ្ទះលេខ៣៤ ផ្លូវF បុរីពិភពថ្មីឈូកវ៉ា១ ក្នុងភូមិភ្លូផ្អើម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
បុរសដែលស្លាប់ឈ្មោះ ភិន ចាន់ដេតអាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវF បុរីពិភពថ្មីឈូកវ៉ា១ ក្នុងភូមិភ្លូផ្អើម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា រយៈពេល៣ថ្ងៃមកហើយ មិនឃើញបុរសខាងលើចេញពីក្នុងផ្ទះឡើយ។ លុះព្រឹកឡើងថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៥ នេះអ្នកជិតខាងបានឃើញទ្វារផ្ទះចាក់សោនិងបើកភ្លើងក្រៅទុកចោល។ ដោយមានការសង្ស័យក៏បានរាយការណ៍ទៅសន្តិសុខបុរីចុះមកត្រួតពិនិត្យនិងឡើងទៅលើដំបូលសំយ៉ាបផ្ទះមើលទៅបន្ទប់ជាន់ទី១ឃើញបុរសរូបនោះដួលស្លាប់ហើយមានសភាពធុំក្លិនស្អុយបាត់ទៅហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះទៅត្រួតពិនិត្យ។
តាមប្រភពស្ត្រីជាប្អូនជីដូនមួយបានបន្ដទៀតថា ជាទូទៅបងរបស់ខ្លួនតែងតែធ្វើដំណើរទៅលេងប្អូនស្រីបង្កើតនៅក្រុងតាខ្មៅ ហើយប៉ុន្មានថ្ងៃនេះបាត់បងអត់ឃើញទៅលេងស្រាប់តែទទួលដំណឹងពីអ្នកជិតខាងថាបងជីដូនមួយដេកស្លាប់នៅក្នុងផ្ទះ ដោយកន្លងមកបងជីដូនមួយមានជំងឺប្រចាំកាយសួតធ្ងន់ធ្ងរ ហើយបានស្នាក់នៅផ្ទះរបស់ប្អូនស្រីបង្កើតនៅបុរីឈូកវ៉ាមួយនេះតែម្នាក់ឯងមិននឹកស្មានថាបងបានដួលស្លាប់បែបនេះសោះ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការរាយការណ៍ទៅមន្រ្តីជំនាញចក្ខុនឹងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកធ្វើការត្រួតពិនិត្យឃើញថាសពបុរសខាងលើ ស្លាប់ដោយសារគាំងបេះដូង។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារសាច់ញា្ញត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ