ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមករាឆ្នាំ២០២៥ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលរួមជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពិនិត្យស្ថានភាពសិទ្ធិមនុស្សជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី២ ដឹកនាំដោយ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
សូមបញ្ជាក់ថា ៖ កម្មវិធីនេះ ក៏មានការចូលរួមផងដែរពី លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបានជួបសួរសុខទុក្ខ សំណេះសំណាល ជាមួយជនជាប់ឃុំ ជាស្រ្តីនិងអនីតិជន នៅមណ្ឌលអប់រំកែប្រែទី២។
ក្នុងកម្មវិធីនេះ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិ ក៏បានគូសបញ្ជាក់ផងដែរអំពីការយកចិត្តទុកដាក់របស់ក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើសិទ្ធិរបស់ជនជាប់ឃុំ ជាពិសេសសិទ្ធិទទួលបានយុត្តិធម៌ តាមរយៈកម្មវិធីជំនួយផ្នែកច្បាប់ ការអនុវត្តទោសមិនមែនពន្ធនាគារ ការលើកលែងទោសបន្ធូរបន្ថយទោស ការដោះលែងដោយមានលក្ខខណ្ឌ ដោយផ្តល់អាទិភាពដល់ជនដែលងាយរងគ្រោះ ផ្អែកលើគោលការណ៍មនុស្សធម៌ រួមមានដូចជាស្រ្តី ស្រ្តីមានផ្ទៃពោះនិងកូនតាមម្តាយ អនីតិជន ជនចាស់ជរា ជនមានពិការភាព និង ជម្ងឺរុំារ៉ៃធ្ងន់ធ្ងរ ជាដើម។ល។ និងជាពិសេសតាមរយៈការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ គឺយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលបានរួមចំណែកផងដែរដល់ការដោះស្រាយបញ្ហានៃភាពចង្អៀតណែនក្នុងពន្ធនាគារ៕
ដោយ ៖ សិលា