ភ្នំពេញ ៖ បុរសម្នាក់បានដួលសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូស្គូពីក្នុងល្បឿនលឿនវ៉ារថយន្ដកុងតឺន័រមិនផុតធ្វើឱ្យជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿងទៀតនៅខាងមុខចំពេញទំហឹង កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកស្គូពីពណ៌ក្រហមលាយស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1L-1110 ជិះតាមផ្លូវបេតុងព្រៃសក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ខណៈពេលដែលដល់ចំណុចកើតហេតុ បានបើកវ៉ារថយន្តកុងតឺន័រ តែវ៉ាមិនផុតក៏ជ្រុលទៅបុករថយន្តដឹកទំនិញដែលបើកបញ្ច្រាសគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ចំណែកជនរងគ្រោះបានសន្លប់ស្ដូកស្ដឹង ហើយប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ។ ភ្លាមនោះសមត្ថកិច្ចក៏បានទំនាក់ទំនងទៅខាងក្រុមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកដង្កោ ដើម្បីដឹកទៅសង្គ្រោះ ពេលដែលក្រុមគ្រូពេទ្យបានចុះទៅដល់ ស្រាប់ជនរងគ្រោះបានដឹងខ្លួនឡើងវិញផងដែរ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់កន្លែងកើតហេតុក៏បានធ្វើការវាស់វែងយកម៉ូតូមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីរង់ចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ