ភ្នំពេញ៖ ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៥ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរព ជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន អំពីការស្រាវជ្រាវរបស់កងរាជអាវុធហត្ថ ទៅ លើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ដូចខាងក្រោម៖
១- តាមសេចក្តីរាយការណ៍របស់លោក ឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស,មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៖ អនុវត្តតាម បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញបានស្រាវជ្រាវ និងចុះទៅដល់ទីតាំងលំនៅឋានរបស់បុគ្គលដែលពាក់ព័ន្ធនឹងរថយន្តស៊ីរ៉ែនអូសក្បួននោះ ហើយ បានកោះអញ្ជើញបុគ្គលពាក់ព័ន្ធមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបំភ្លឺ។
២- ក្រោយពីបានស្តាប់ដំណើររឿង និងអង្គហេតុរួចមក កម្លាំងជំនាញកងរាជអាវុធហត្ថ បានអប់រំបុគ្គលដែលពាក់ព័ន្ធឱ្យយល់ដឹង អំពីការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស សិទ្ធិអាទិភាពធ្វើចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើកិច្ចសន្យា កុំឱ្យប្រព្រឹត្តទង្វើ បែបនោះតទៀត ជាពិសេសត្រូវចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា។
៣- ចំពោះម្ចាស់រថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 បានប្រគល់ជូន អង្គភាពសាមី ដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យកងទ័ព។
កងរាជអាវុធហត្ថ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមផ្តល់មតិក្នុង ន័យស្ថាបនា និងការផ្តល់ព័ត៌មាន នាពេលកន្លងទៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាន មេត្តា ជ្រាបជាព័ត៌មាន៕
ដោយ៖ សូរិយា