ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើកម៉ូតូមិនគោរពភ្លើងស្តុបទៅបុកម៉ូតូមួយគ្រឿងដែលជិះឆ្លងផ្លូវបណ្ដាលឲ្យដួលរងការខូចខាតសម្ភារៈបន្តិចបន្តួចមិនព្រមដោះស្រាយគ្នាបង្កជាជម្លោះច្រានគ្នាទៅវិញទៅមកផ្អើលទាំងយប់។
ហេតុការណ៍នេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០និង៣៥នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចស្តុបទួលពង្រ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1N-8950 ជិះដោយបុរសម្នាក់ធ្វើដំណើរឆ្លងផ្លូវស្តុបពណ៌ខៀវពីត្បូងមកជេីងបានពាក់កណ្ដាលផ្លូវ ស្រាប់តែគេឃើញបុរសម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីមសង់២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1B-0301 ជិះម្នាក់ឯងដូចគ្នាធ្វើដំណើរពីលិចមកកេីតក្នុងស្ថានភាពស្រវឹងដោយមិនគោរពស្តុបក្នុងល្បឿនលឿនរួចទៅបុកម៉ូតូឆ្លងផ្លូវបណ្ដាលឲ្យដួលរងការខូចខាតបែកក្បាំងខាងឆ្វេង ចំណែកម្ចាស់សងខាងមិនមានអ្នករងរបួសនោះទេបន្ទាប់មកស្រាប់តែភាគីម្ចាស់ម៉ូតូទាំងពីរបានជជែកតឹងសរសៃកដាក់គ្នាយកតែត្រូវរៀងខ្លួននៅពេលនោះដែរខាងម្ចាស់ម៉ូតូរងគ្រោះបានច្រានម្ចាស់ម៉ូតូបង្កបណ្ដាលឲ្យដួលទេីបផ្អើលដល់ពលរដ្ឋរាយការណ៍ប្ដឹងទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗឃាត់ខ្លួនភាគីទាំងសងខាងព្រមទាំងម៉ូតូនាំយកទៅប៉ុស្តិ៍ភ្លាមៗ ។
បន្ទាប់ពីកេីតហេតុគ្រោះថ្នាក់ចរាចរណ៍ភាគីទាំងសងខាងបានដោះស្រាយគ្នានៅត្រឹមប៉ុស្តិ៍ដោយខាងម្ចាស់ម៉ូតូបង្កចេញថ្លៃជួសជុលសងខាងម្ចាស់ម៉ូតូរងគ្រោះដេីម្បីបញ្ចប់រឿង ៕
ដោយ៖ ជ្រោយពេជ្រ