ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សំណេះសំណាលជាមួយសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល

ចែករំលែក៖

ភ្នំពេញ៖ ពិធីសំណេះសំណាលជាមួយសិស្សមន្រ្តីជាន់ ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាលព្រឹកថ្ងៃទី១៥ខែមករា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចំនួន២៣០នាក់ (ស្រី ៦៥នាក់)។

របាយការណ៍ជូនអង្គពិធីលោកយក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានធ្វើសេចក្តីរាយការណ៍ជូនអង្គពិធីពីជ្រាបអំពីប្រវត្តិសង្ខេបសាលាភូមិន្ទរដ្ឋបាល និងការវិវត្តរបស់សាលាភូមិន្ទរដ្ឋបាល នៅក្នុងក្របខណ្ឌនៃការរួមចំណែកក្នុងការបណ្តុះ បណ្តាលមន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល។ លោករដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០២៤ កន្លងមក ស.ភ.រ បានជ្រើសរើស និងបណ្តុះបណ្តាល៖ សិស្សមន្ត្រីជាន់ខ្ពស់ ១២ជំនាន់ មានចំនួនសរុប ៦៤១ នាក់ (ស្រី១៥៣នាក់) និងសិស្សមន្ត្រីក្រមការ ១០ជំនាន់ មានសរុបចំនួន ៧៩៤នាក់ (ស្រី២១០នាក់)។ 

សិស្សមន្ត្រីទាំងអស់នោះ បាន និងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំនួនបេក្ខជនដាក់ពាក្យប្រឡងចូលរៀនសាលាភូមិន្ទរដ្ឋបាល មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះគឺដោយសារតែការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងបន្តមកសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ឱ្យមានការកែទម្រង់លើគ្រប់វិស័យ ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ដែលធ្វើឱ្យវិស័យសាធារណៈមានភាពទាក់ទាញខ្លាំង សម្រាប់និស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលនានា និងមួយផ្នែក ទៀត ដោយសារជំនឿទុកចិត្តរបស់ពួកគាត់ ចំពោះដំណើរការប្រឡងប្រជែងជ្រើសរើសរបស់សាលាភូមិន្ទរដ្ឋបាល ដែលផ្តោតលើតម្លាភាព បរិយាបន្ន យុត្តិធម៌ និងគុណាធិបតេយ្យ។

នាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ចាក់ថា ក្នុងឆ្នាំ ២០២៥នេះ ស.ភ.រ នឹងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ សរុបចំនួន ៥០នាក់ (ស្រី ១៣ នាក់) និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ សរុបចំនួន ១៨០នាក់ (ស្រី ៥២នាក់)៕

ដោយ៖ សូរិយា


ចែករំលែក៖