ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត ក្នុងចំនួនមនុស្សបួននាក់ ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងមនុស្សបួននាក់ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅរសៀលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ ខណៈជនរងគ្រោះកំពុងដេកលើអង្រឹង ក្រោមដើមប័រ ភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

តាមកំណត់ហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជន រងគ្រោះក្នុងករណីឃ្មុំចង្អេរទិចរហូតបានបង់ជីវិតឈ្មោះ អឹម វណ្ណេត ភេទស្រី  អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិកើតហេតុនេះ។

តាមការបំភ្លឺរបស់ឈ្មោះ ឈាង បូរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវជា កូនធម៌ របស់ជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែ មករា  វេលាម៉ោង១៣ និង ២៥ នាទី ខ្ញុំកំពុងតែដេកលើអង្រឹងក្រោមផ្ទះ ហើយពេលនោះខ្ញុំបានឮសំឡេងស្រែករបស់មីងឈ្មោះ អ៊ឹម វណ្ណេត ដែល បានមកស្នាក់នៅជិតផ្ទះរបស់ខ្ញុំ។ ក្រោយមកខ្ញុំក៏រត់ទៅមើលក៏ឃើញ គាត់កំពុងតែលើកដៃបក់ឃ្មុំ ដែលកំពុងទិចគាត់ជាច្រើននៅក្រោមដើមប័រ ដោយពុំដឹងថាសត្វឃ្មុំនោះ ហើរមកពីណាទេ។

ឃើញបែបនោះ ខ្ញុំក៏រត់ទៅជួយគាត់ ដោយយកភួយមកគ្របពីលើ,រួមទាំងខ្ញុំផង។ ខ្ញុំក៏ប្រាប់គាត់ថា តោះរត់ចេញពីទីនេះ ហើយគាត់ក៏តបថា រត់មិនរួចទេ ពេលនោះមីងឈ្មោះ អឹម វណ្ណេត ក៏ដួលសន្លប់ ឃើញបែបនេះ ខ្ញុំក៏រត់ ចេញមក ដើម្បីរកគេជួយ,ខ្ញុំរត់ដល់ផ្ទះយាយមុំ តែមិនមានមនុស្សនៅ ខ្ញុំក៏រត់ទៅផ្ទះចែសីមា ក៏ឃើញចែស្រីមា និងកូនប្រុសគាត់កំពុងត្រូវបានសត្វឃ្មុំតិចដូចគ្នា ហើយ ខ្ញុំក៏និយាយថា ចែទៅជួយ មើលម៉ែធម៌របស់ខ្ញុំផង គាត់ត្រូវសត្វឃ្មុំទិចខ្លាំងណាស់ឥឡូវដួលសន្លប់ហើយ។ 

ជនរងគ្រោះពីហ្វូងសត្វឃ្មុំបន្តថា ដោយឃើញឃ្មុំហើរ ចេញអស់ខ្ញុំក៏លើកគាត់ដាក់លើម៉ូតូ ហើយដឹកគាត់មកមណ្ឌលសុខភាពស្រែអំពូល ដើម្បីឱ្យគ្រូពេទ្យជួយ សង្គ្រោះគាត់ តែពេទ្យបាន ប្រាប់ថាគឺគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយហេតុការណ៍នេះសមត្ថកិច្ចជំនាញបានត្រួតពិនិត្យលើផ្ទៃមុខនិងដងខ្លួន ឃើញថា មានទ្រនិចឃ្មុំចង្អេរជា ច្រើនលើដងខ្លួននិងផ្ទៃមុខជនរងគ្រោះសរុប៦៧កន្លែង ។មន្ត្រីជំនាញសន្និដ្ឋានថា សពខាងលើពិតជាបានស្លាប់ ដោយសារឃ្មុំចង្អេរទិចពិតប្រាកដមែន ៕

ដោយ៖ សូរិយា


ចែករំលែក៖