ព័ត៌មានទាន់ហេតុការណ៍៖

Arsenal កាត់បន្ថយគម្លាតលើក្រុមកំពូលតារាង Liverpool ក្រោយឈ្នះ Spurs

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal បានឡើងទៅឈរលេខ២ ដែលចាញ់តែ៤ពិន្ទុពីក្រុមកំពូលតារាង Premier League ហង្សក្រហម Liverpool ជាមួយនឹងជ័យជម្នះលើក្រុម Tottenham ក្នុងលទ្ធផល ២ទល់១ ក្នុងការប្រកួត North London Derby នៅកីឡដ្ឋាន Emirates កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា។

ក្រុមកាំភ្លើងធំដែលបានលេងច្រើនជាងក្រុម Liverpool ១ប្រកួតបានអស់សង្ឃឹមក្នុងការវិលទៅកាន់ផ្លូវឈ្នះវិញ បន្ទាប់ពីចាញ់ក្នុងផ្ទះក្រោមថ្វីជើងក្រុម Newcastle United ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup ជើងទី១ ហើយបន្ទាប់មកបានចាញ់ Manchester United ដោយបាល់ប៉េណាល់ទីក្នុងការប្រកួត FA Cup ជុំទី៣។ 

ក្រុម Arsenal បានរងនូវការលំបាកមួយផ្សេងទៀតក្នុងងការប្រកួតនេះ នៅពេលដែលក្រុមភ្ញៀវ Spurs នាំមុខមុនពីការស៊ុតរបស់ Son Heung-min ត្រូវបានផ្លាតចេញពីកីឡាករ William Saliba ធ្វើឲ្យបាល់លោតផុតដៃអ្នកចាំទី David Raya នៅនាទីទី២៥។

ក្រុមម្ចាស់ផ្ទះ Arsenal បានវាយបកវិញនៅពេលដែលកីឡាករ Gabriel បានបញ្ជូនទៅឲ្យ Declan Rice ហើយស៊ុតត្រូវបានអ្នកចាំទី Antonin Kinsky របស់ Spurs រារាំងបាន ធ្វើឲ្យបាល់ទៅចំមុខកីឡាករ Dominic Solanke ភ្លាត់ស្នៀតចូលទីខ្លួនឯង នៅនាទីទី៤០។

ក្រុម Arsenal បានបន្តដាក់សម្ពាធលើក្រុម Spurs ដោយរកបាន១គ្រាប់ទៀតដើម្បីនាំមុខនៅនាទីទី៤៤ ពីការស៊ុតរបស់ Leandro Trossard ពីការបញ្ជូនបាល់របស់ Ødegaard។ ក្រុមរបស់លោក Mikel Arteta បានគ្រប់គ្រងតង់ទី២ ប៉ុន្តែលទ្ធផល២ទល់១នេះបានបន្តរហូតដល់ចប់ការប្រកួត។

លទ្ធផលនេះបានធ្វើឲ្យក្រុមកាំភ្លើងធំ Arsenal ហក់ឡើងមកឈរលេខ២ មាន៤៣ពិន្ទុក្នុង២១ប្រកួត ខណៈដែល Liverpool ឈរកំពូលតារាងមាន៤៧ពិន្ទុ ក្នុង២០ប្រកួតត្រូវប៉ះម្ចាស់ផ្ទះ Brentford នៅថ្ងៃទី១៨ មករានេះ។ ចំណែកក្រុម Spurs ក្រោយពីបរាជ័យនៅពេលនេះបានបន្តឈរចំណាត់ថ្នាក់លេខ១៣ មាន២៤ពិន្ទុក្នុង២១ប្រកួត៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖