ក្លិបតោខៀវ Chelsea បានសម្រេចចិត្តនាំយកខ្សែការពារ Trevoh Chalobah ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Crystal Palace។ កីឡាករវ័យ២៥ឆ្នាំរូបនេះមានឱកាសមកចូលរួមជាមួយក្រុម Chelsea ក្នុងលក្ខខណ្ឌចង់ខ្ចីជើងនេះគឺបន្ទាប់ពីរបួសសរសៃពួររបស់កីឡាករ Wesley Fofana និង Benoit Badiashile ដែលជាខ្សែការពារសំខាន់របស់ក្រុម ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca បច្ចុប្បន្ន។
ការសម្រេចចិត្តនាំយកកីឡាករ Chalobah មកវិញនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារមុនពេលការប្រកួតរបស់ក្រុម Crystal Palace បានយកឈ្នះនៅលើទឹកដី Leicester ២ទល់០ ក្នុងក្របខ័ណ្ឌ Premier League កាលពីយប់ថ្ងៃទី១៥ មករាមុនពេលកំណត់ការផ្ទេរកីឡាករនៅចុងខែនេះ។
ការខ្ចីជើងនេះអាចត្រូវបានគេចាត់ទុកថា មានភាពចម្រូងចម្រាសដោយសារក្លិប Crystal Palace មិនបានដាក់ Chalobah ឲ្យលេងកាលពីការប្រកួត FA Cup ដែលក្រុមនេះបានឈ្នះ ១ទល់០ នៅលើទឹកដី Stockport County កាលពីថ្ងៃអាទិត្យកន្លងទៅ។
លោក Oliver Glasner អ្នកចាត់ការទូទៅរបស់ក្លិប Crystal Palace បាននិយាយពីការខកខានរបស់ខ្សែការពារខាងលើនេះថា “ជាបញ្ហាកិច្ចសន្យា! គាត់ចង់ស្នាក់នៅទីនេះ ប៉ុន្តែវាជាការសម្រេចចិត្តដែល Chelsea អាចព្រមព្រៀងក្នុងការទទួលយកគាត់ដើម្បីខ្ចីជើង”។
Chalobah គឺជាកីឡាករដែលមិនសូវបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ពេញលេញនោះទេនៅ Selhurst Park ដោយបានបង្ហាញខ្លួន១៤ដងក្នុងរយៈពេល៤ខែកន្លះនៅក្លិប Crystal Palace។
ខ្សែការពារកណ្តាលរូបនេះត្រូវបានចាត់ទុកថា លើសតម្រូវការនៅ Chelsea ហើយត្រូវបានហ្វឹកហាត់នៅឆ្ងាយពីក្រុមដំបូងកាលពីខ្ចីជើងលើកទី១ ប៉ុន្តែ Chalobah ត្រូវបានគេធានាឡើងវិញថា គាត់នឹងលេងនៅ Chelsea ញឹកញាប់វិញនៅពេលគាត់ត្រលប់មកជាលើកទី២នេះ បន្ទាប់ពីមានការសន្ទនាជាមួយប្រធានផ្នែកកីឡាលោក Paul Winstanley ក្នុងការសម្រេចឲ្យជាប់ជាជម្រើសដំបូង។
ទោះជាយ៉ាងណាក៏ដោយ អនាគតដ៏វែងឆ្ងាយរបស់ Chalobah នៅតែស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែល Chelsea នៅមិនទាន់សម្រេចថា ការខ្ចីជើងកីឡាកររូបនេះអាចនឹងឈានដល់ការព្រមព្រៀងជាអចិន្ត្រៃយ៍ក្នុងការនាំយកមកធ្វើជាកីឡាករពេញសិទ្ធិរបស់ក្លិបនៅឡើយទេ ខណៈដែលទីផ្សារដោះដូរកីឡាករនឹងងបញ្ចប់នៅចុងខែមករានេះ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)