ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ ឈ្លើយសឹក

ចែករំលែក៖

ក្រោយពេលរដ្ឋប្រហារថ្ងៃទី ១៨ ខែមីនាឆ្នាំ ១៩៧០ បន្ទាប់ពីខេត្តទាំង ៤ នៅភូមិភាគឦសាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ត្រូវបានកាន់កាប់ដោយខ្មែរក្រហម។ ឪពុករបស់ខ្ញុំឈ្មោះ សំ ទុំ ដែលជាអតីតទាហានធ្វើការនៅក្នុងទីរួមខេត្តមណ្ឌលគីរី បានសុំចុះចូលជាមួយកងទ័ពខ្មែររំដោះ(ខ្មែរក្រហម)។ ក្រោយមកឪពុករបស់ខ្ញុំបាននាំប្រពន្ធ និងកូនចំនួន ៦ នាក់មករស់នៅជាប្រជាជនសាមញ្ញនៅក្នុងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរខេត្ត ក្រចេះវិញ ។

   លុះមកដល់ឆ្នាំ ១៩៧៥ ក្រោយពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញរួចខ្មែរក្រហមបានធ្វើការប្រមែប្រមូលកងកម្លាំងប្រដាប់អាវុធរួមមាន ប៉ូលិស និងទាហានដែលបានចូលសារភាពកាលពីឆ្នាំ ១៩៧០ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងខេត្តក្រចេះ រួចបញ្ជូនឱ្យរស់នៅក្នុងតំបន់ព្រៃដាច់ស្រយាលមួយឈ្មោះ ស្រែត្រែង ដែលស្ថិតនៅដាច់ឆ្ងាយសង្វែងពីភូមិរបស់ប្រជាជនរស់នៅ។ ពួកគេបានហៅអ្នកទាំងអស់នោះថាជាពួក” ឈ្លើយសឹក” ដែលក្នុងនោះ មានក្រុមគ្រួសាររបស់ខ្ញុំដែរ។ 

   ទៅដល់ទីនោះភ្លាម ប្រជាជនម្នាក់ៗមានការភិតភ័យនិងព្រួយបារម្ភពីសុវត្ថិភាពខ្លាំងណាស់ ព្រោះយើងដឹងខ្លួនថា អង្គការប្រាកដជាមានចេតនាមិនល្អទើបយកយើងឱ្យមករស់នៅក្នុងព្រៃរហោឋានបែបនេះ។ ប្រជាជនម្នាក់ៗឆ្ងល់ថា នៅក្នុងស្រុកសំបូរទាំងមូលមិនខ្វះទេដីស្រែចម្ការសម្រាប់ឲ្យប្រជាជនធ្វើ តើចុះហេតុអ្វីបានជានាំប្រជាជនមកនៅទីស្ងាត់ជ្រងំដូច្នេះ។ នេះគឺជាចេតនាចង់ធ្វើបាបរបស់ខ្មែរក្រហមទៅលើអតីតមន្ត្រីរាជការ និងកងកម្លាំងពីរបបចាស់។ ខ្មែរក្រហមគិតថាប្រសិនបើទុកឲ្យប្រជាជនទាំងនោះរស់នៅក្នុងភូមិរស់នៅតាមបណ្ដោយដងទន្លេមេគង្គ ឬព្រែកធំៗ ដែលស្ថិតនៅក្នុងស្រុកសំបូរនោះ ប្រជាជននឹងមានភាពងាយស្រួលក្នុងការរស់។ដូច្នេះហើយបានជាខ្មែរក្រហមបញ្ជូនពួកយើងទៅរស់នៅតំបន់ដែលគ្មានអ្វីទាល់តែសោះក្នុងចេតនាចង់ធ្វើបាបឱ្យយើងស្លាប់នៅទីនេះ។

   មិនបង្អង់យូរអង្គការបានប្រមែប្រមូល និងបញ្ជូនពួកឈ្លើយសឹកឲ្យចូលមកនៅស្រែត្រែងជាបន្តបន្ទាប់ រហូតដល់មានចំនួនសរុបជាង ៤៥០ គ្រួសារ។ ពេលនោះអង្គការបានបែងចែកដីព្រៃឲ្យប្រជាជនសង់ផ្ទះ និងខ្ទម តូចៗដើម្បីរស់នៅរៀងៗខ្លួនថែមទាំងបានធ្វើការបែងចែកអង្ករតិចតួចទៅចម្អិនហូបចុកតាមគ្រួសារនីមួយៗ។ អង្គការបានឲ្យប្រជាជនទាំងអស់ធ្វើការកាប់គាស់រុករានដីព្រៃនោះដើម្បីយកធ្វើជាស្រែចម្ការជាលក្ខណៈសមូហភាពដែរ។ ដោយសារតែអង្គការផ្ដល់អង្ករបានតិចតួចពេក ប្រជាជននាំគ្នាខិតខំសន្សំសំចៃជាទីបំផុតគ្រប់ក្រុមគ្រួសារទាំងអស់ សុទ្ធតែនាំគ្នាហូបបបរាវជារៀងរាល់ថ្ងៃ  ព្រោះនៅទីនោះគេពុំអាចរកបន្លែ ឬស្លឹកឈើអ្វីផ្សេងៗយកមកលាយជាមួយនឹងបបរបានឡើយ។ មិនយូរប៉ុន្មាន វាបានធ្វើឲ្យប្រជាជន ជាពិសេសកុមារតូចៗចាប់ផ្ដើមធ្លាក់ខ្លួនឈឺ ស្គមស្គាំងបាក់កម្លាំងនិងកើតជំងឺគ្រុនចាញ់ហើយស្លាប់ជាបណ្ដើរៗជាហូរហែ។

   ដោយទ្រាំពុំបាននឹងភាពអត់ឃ្លានដ៏ធ្ងន់ធ្ងរនេះ ថ្ងៃមួយប្អូនស្រីរបស់ខ្ញុំឈ្មោះ ច័ន្ទ ប៊ុណ្ណាដែលជាកូនទី ២ នៅក្នុងគ្រួសារបានដាច់ចិត្តលបលួចចេញពីភូមិទៅរកសុំអង្ករពីប្រជាជនមូលដ្ឋានដែលធ្លាប់រាប់អានជាមួយក្រុមគ្រួសាររបស់ខ្ញុំនៅឯភូមិសណ្ដាន់។ ថ្ងៃនោះក្រៅពីសុំអង្ករបានចំនួនប្រហែល ៧ កំប៉ុង ផ្លែឈើ និងនំចំណីបន្តិចបន្តួចទៀតនោះប្អូនស្រីរបស់ខ្ញុំ ក៏បានជួបនឹងយុវនារីម្នាក់ និងប្អូនរបស់គាត់។ អ្នកទាំងពីរនេះសុទ្ធតែជាអ្នកបម្រើការងារនៅក្នុងជួរអង្គការជាយូរឆ្នាំមកហើយ។ ពេលដែលពួកគេបានដឹងថាប្អូនស្រី និងក្រុមគ្រួសាររបស់ខ្ញុំត្រូវបានអង្គការបញ្ជូនទៅនៅឯ ស្រែត្រែង ភ្លាមពួកគេមានការភ្ញាក់ផ្អើលនិងសម្ដែងនូវក្តីអាណិតអាសូរយ៉ាងខ្លាំង។ ពួកគេបានលួចនិយាយបង្ហើបប្រាប់ប្អូនរបស់ខ្ញុំថា  អង្គការមានការស្អប់ និងគំនុំគុំគួនមកលើប្រជាជនដែលអង្គការបញ្ជូនឲ្យទៅនៅ ស្រែត្រែងទាំងអស់ខ្លាំងណាស់ ព្រោះអង្គការថាពួកប្រជាជនទាំងនេះ គឺជាពួកជិះជាន់គេ ជាពួកបម្រើឲ្យពួកកាន់អំណាចផ្ដាច់ការ មូលធនសក្កិភូមិ ដែលជាខ្មាំងសត្រូវរបស់អង្គការ។ ពួកគេទាំងពីរនាក់បានណែនាំបញ្ចុះបញ្ចូលឲ្យប្អូនស្រីរបស់ខ្ញុំរិះរកវិធីធ្វើយ៉ាងណាអាចចាកចេញឲ្យរួចផុតពីភូមិឈ្លើយសឹក ស្រែត្រែង នេះឲ្យបានឆាប់ ហើយត្រូវសុំអង្គការមកនៅក្នុងជួរជាមួយគាត់ ឬក៏នៅតាមកងផ្សេងៗទៀតដែលអង្គការកំពុងតែរៀបចំបង្កើតថ្មីនៅក្នុងឃុំដើម្បីឲ្យបានរួចផុតពីការប៉ុនប៉ងសងសឹកនិងធ្វើទុក្ខបុកម្នេញផ្សេងៗ។

   ពេលត្រឡប់មកដល់ផ្ទះវិញ ប្អូនស្រីរបស់ខ្ញុំបានយករឿងដែលយុវតីទាំងពីរនាក់នោះប្រាប់ម្ដាយរបស់ខ្ញុំសព្វគ្រប់ ហើយវាក៏បានទទូចសុំម្តាយរបស់ខ្ញុំដើម្បីចូលជួរជាមួយគេឆាប់ៗនេះ។ មុនដំបូងម្ដាយរបស់ខ្ញុំពុំយល់ព្រមទាល់តែសោះ ព្រោះគាត់មិនបានយល់ដឹងអំពីបញ្ហាជួរ ឬកងរបស់អង្គការនោះទេ។ រីឯប្អូនស្រីរបស់ខ្ញុំក៏នៅក្មេងខ្ចីទៀត ម្ដាយរបស់ខ្ញុំធ្លាប់មានបញ្ហាព្រាត់ប្រាស់ បែកបាក់ពីកូនចំនួនពីរនាក់ទៅហើយកាលពីឆ្នាំ ១៩៧០ ។ គាត់រាងចាលខ្លាចមានបញ្ហាបែកបាក់ដូច្នេះទៀត ប៉ុន្តែក្រោយមកដោយហាមឃាត់ប្អូនស្រីរបស់ខ្ញុំមិនស្ដាប់ ហើយស្របគ្នានោះ គាត់ក៏បានដឹងថាអង្គការកំពុងបង្កើតកងចល័តយុវតីថ្មីទៀតនៅក្នុងឃុំ ទើបម្ដាយរបស់ខ្ញុំដាច់ចិត្តយល់ព្រមឲ្យប្អូនស្រីរបស់ខ្ញុំទៅចូលក្នុងកងចល័តនោះទៅ។

មកនៅក្នុងកងចល័តបានប្រមាណជិតមួយខែ ដោយដឹងច្បាស់ថា ជីវភាពរស់នៅក្នុងកងចល័តមានលក្ខណៈល្អប្រសើរជាងការរស់នៅក្នុងភូមិ ជាពិសេសការហូបចុក ប្អូនស្រីរបស់ខ្ញុំក៏ប្រញាប់ប្រញាល់សុំច្បាប់ទៅលេងក្រុមគ្រួសារភ្លាម។ បំណងសំខាន់របស់ប្អូនស្រីរបស់ខ្ញុំ គឺដើម្បីទៅនាំយកប្អូនប្រុសទី ៤ របស់ខ្ញុំឈ្មោះ ច័ន្ទសុផល ឲ្យមកចូលក្នុងកងកុមារឃុំដែលអង្គការទើបតែបង្កើត។ ប៉ុន្តែ នៅពេលប្អូនស្រីរបស់ខ្ញុំនិយាយប្រាប់ពីរឿងនេះភ្លាម ម្ដាយរបស់ខ្ញុំបានបដិសេធយ៉ាងដាច់អហង្ការភ្លាមៗ។ គាត់និយាយថាគាត់មិនអាចឲ្យកូនប្រុសរបស់គាត់ចាកចេញឆ្ងាយពីរូបគាត់ទៀតទេ គាត់អាណិតកូនខ្លាំងណាស់ ព្រោះកូនប្រុសរបស់គាត់នៅក្មេង ទើបតែមានអាយុ១២ ឆ្នាំប៉ុណ្ណោះពុំទាន់ចេះមើលថែខ្លួនឯងបាននៅឡើយ។ លុះស្អែកឡើងនៅពេលដែលប្អូនស្រីរបស់ខ្ញុំរៀបចំខ្លួនដើម្បីវិលត្រឡប់ទៅកងចល័តវិញ ម្ដាយរបស់ខ្ញុំបានស្រវាឱបផង យំផង រួចនិយាយផ្ដែផ្ដាំថា យើងវេទនាអត់ឃ្លានយ៉ាងហ្នឹង តើយើងនឹងអាចទ្រាំរស់ជីវិតបានយូរប៉ុន្មានទៀតទៅ? ម៉ែព្រួយបារម្ភខ្លាំងណាស់ខ្លាចតែមិនបានជួបមុខកូនៗ ទៀតទេ។ (នៅមានត)


ចែករំលែក៖