ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ- អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា កន្លងមក គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង ប៉ុន្តែភាគីថៃបាន ឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលដូចជា៖ បំពេញនីតិវិធីផ្ទៃក្នុង រង់ចាំការបោះឆ្នោត ថ្នាក់ជាតិ រង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី រង់ចាំការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មី និងរង់ចាំ ការអនុម័តដោយគណៈរដ្ឋមន្ត្រីថៃលើការតែងតាំងប្រធាននិងសមាសភាពថ្មីនៃគណៈកម្មការ JBC ភាគីថៃ។
រហូតមកដល់ពេលនេះ បើទោះបីជានាយករដ្ឋមន្ត្រីថៃថ្មីត្រូវបានតែងតាំង ហើយគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើងនិងបានដំណើរការកិច្ចប្រជុំជាច្រើនលើកមកហើយក៏ដោយ ក៏រដ្ឋាភិបាលថៃនៅតែ ពុំទាន់តែងតាំងប្រធាននិងសមាសភាពថ្មីនៃគណៈកម្មការរBCរបស់ខ្លួនជាផ្លូវការនៅឡើយ។ ការអូសបន្លាយ ពេលវេលានៃការតែងតាំងប្រធាននិងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់ គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសកថាខណ្ឌទី៣ និងកថាខណ្ឌទី៤ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគី ទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ព្រមទាំងអនុញ្ញាតឱ្យ ប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងប្រកបដោយ សុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែ លើដីជាក់ស្តែង ភាគីថៃបាននិងកំពុងបន្តកាន់កាប់ទឹកដីកម្ពុជានិង ធ្វើសកម្មភាពដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) បើទោះបីជាភាគីកម្ពុជាបានតវ៉ាជាច្រើនលើកតាមផ្លូវការទូតយ៉ាងណាក៏ដោយ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមគូសបញ្ជាក់ថា ផ្អែកតាមនីតិវិធី និងបែបបទការងារ ដែលបាន ឯកភាពគ្នានាពេលកន្លងមក និងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ភាគីថៃគប្បីចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ (IST)ចុះលើដីជាក់ស្តែង ដើម្បីបន្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន និងការងារដែលនៅសេសល់ ព្រមទាំងសហការរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស (អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) និង ក្រុមប្រតិបត្តិការ (OG)) ដូចដែលភាគីទាំងពីរធ្លាប់បានអនុវត្តកន្លងមកតាំងពីឆ្នាំ២០១៣-២០២៥ និង ស្របតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដូចមានចុះផ្សាយក្នុងសារព័ត៌មាន The Nation Thailand ថា៖ «(…) ក្រុមការងារកម្រិតបច្ចេកទេសនៅបន្ត អនុវត្តការងាររបស់ខ្លួនដដែល»។ ក្នុងន័យនេះ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្ត ការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និង សាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាន់ជំហរ យ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបន្តរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ព្រមទាំងការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (fait accompli)។ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងពេលបច្ចុប្បន្ន និងអនាគត។
សេចក្តីដូចបានជម្រាបនិងបញ្ជាក់ជូនខាងលើ សូមជនរួមជាតិ និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច