ព័ត៌មានទាន់ហេតុការណ៍៖

Ubdate! លៀសទម្ងន់១០តោន និង២៥០ការ៉ុងត្រូវបានសង្រ្គោះ ពីសំណាក់សមត្ថកិច្ចចម្រុះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឲ្យដឹងនាល្ងាចថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះថា ក្រុមការងារខណ្ឌរដ្ឋបាលជលផល ផ្នែករដ្ឋបាលជលផលក្រគរ សហការជាមួយ ក្រុមការងារបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប របស់យោធភូមិភាគទី៥ កងទ័ពជើងគោក កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប  កងរាជអាវុធហត្ថស្រុកក្រគរ បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល បានប្រទះឃើញរថយន្ត១គ្រឿងកំពុងដឹកជញ្ជូនលៀស ដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

លោកនាយខណ្ឌឲ្យដឹងទៀតថា ជាលទ្ធផលបង្រ្កាបបាន០២ករណី វត្ថុតាងរួមមាន បាឡា សំបកឈើ ទំហំ បណ្ដោយប្រវែង ១៥ម៉ែត្រ ទទឹង២ម៉ែត្រ និងជម្រៅ១.២ម៉ែត្រ មានផ្ទុកលៀសទម្ងន់១០តោនចំនួន០១គ្រឿង ។ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ទ្រុងពណ៌ចំរុះ ពាក់ស្លាកលេខ 3B 4302 មានផ្ទុកលៀសចំនួន២៥០ការ៉ុង ០១គ្រឿង និងធ្វើការណែនាំអប់ររំកម្មករបើកកាណូតចំនួន០៤នាក់ ដោយធ្វើកិច្ចសន្យាលាយលក្ខណ៍ជាអក្សរត្រឹមត្រូវ ។

នាយខណ្ឌរដ្ឋបាលជលផលដដែលឲ្យដឹងទៀតថា ចំពោះលៀសទាំងអស់ក្រុមការងារបានចាក់ចូលក្នុងទឹកបឹងទន្លេសាបវិញ ចំណែកមធ្យោបាយដឹកជញ្ជូន(កាណូត និងរថយន្ត)បានរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ ដើម្បីបន្តនីតិវិធី ដោយបានទទួលការអនុញ្ញាតពី លោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ។ 

បញ្ហាបទល្មើសធនធានធម្មជាតិ(ជលផល)នៅបឹងទន្លេសាប បច្ចុប្បន្ន ត្រូវបានគេសង្កេតឃើញកងកម្លាំងប្រដាប់ដោយអាវុធ(យោធា)កំពុងប្រត្តិបត្តិការយ៉ាងមមាញឹក ដោយកាប់បំផ្លាញចោលនូវឧបករណ៍ចាប់ត្រី(របាំងសាច់អួនក្រឡាល្អិតប្រវែង(វែង)ៗ និងចាក់លែងត្រីចំរុះល្អិតៗយ៉ាងសម្បើម ទើបតែពេលនេះឃើញបង្រ្កាបការដឹកជញ្ជូនលៀស ខណៈសកម្មភាពនេសាទ និងដឹកជញ្ជូនលៀស កើតមានយូរយាមកហើយពីសំណាក់មេឈ្មួញ បើមានការបង្រ្កាបពិន័យអន្តការណ៍ដដែលៗ ឈ្មួញលៀសមុខដដែលៗ ម្ដងនេះក៍អាចជាករណីពិន័យដដែលៗមើលទៅ ។ ប្រជានេសាទភាគច្រើនសង្កេតឃើញមន្ត្រីថ្នាក់ជាតិ(ក្រសួងកសិកម្ម)ចុះមកផ្សព្វផ្សាយហាមដាច់ខាត មិនឲ្យធ្វើនេសាទអូសលៀសប្រើប្រាស់កញ្ចែងក្រឡាល្អិតនោះទេ ផ្ទុយទៅវិញនៅពេលយប់ៗលៀសល្អិតៗឡើងរថយន្តទាំងតោនៗ ថែមទាំងដឹកជញ្ជូននាំចេញទៅប្រទេសក្បែរខាងទៀតផង ដូចជាមិនយល់ ? ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖