ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យប្រេីប្រាស់ថ្នាំញៀនដល់កំរិតបុរស​ជនជាតិចិនម្នាក់​យកកូន​កាំបិត​ដេញ​ចាក់​គេ​ឯង​ រួចចូលដុត​ហាង​មួយ​កន្លែង​​ផ្អើល​សមត្ថកិច្ច​​ចុះអន្តរាគមន៍​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ជាជនជាតិចិន​ម្នាក់​សង្ស័យ​ប្រេី​ប្រាស់​គ្រឿង​ញៀន​លេីស​កំរិត​បាន​យក​កូន​កាំបិត​រក​ចាក់​គេឯង រួចស្រាប់​តែ​រត់​ឡើង​ទៅ​លើ​ផ្ទះ​ជាន់​ទី​២មួយ​កន្លែង​ ហើយ​ដុត​ក្នុង​បន្ទប់​នោះ​បង្ក​ជា​អគ្គិភ័យ​ផ្អើល​ដល់សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញអន្តរាគមន៍​បាញ់​ទឹកពន្លត់​និង​ឃាត់​ខ្លួនបុរស​រូប​នោះ​យក​ទៅ​សួរ​នាំ​ ។ 

  ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង៩និង​៣០នាទី​យប់​ ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៥​ ក្នុង​ទីក្រុង​កោះ​ពេជ្រ​ ត្រង់ចំណុច​ផ្ទះ​បេីក​ហាង​ម៉ាត​មួយ​កន្លែង​យីហោ​ (ប៉េកាំង​តុងវ៉ុងតាំង) ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​  ។ 

​   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនខាងលើមិនដឹងថាមកពីទីណានោះទេដោយមានអាការសង្ស័យថាដូចជាមនុស្សបែក​ថ្នាំ​ លុះ​មកដល់ចំណុចកើតហេតុបុរសខាងលើក៏បានរត់ចេញពីហាងមួយកន្លែងហើយមានកូនកាំបិតគំរាម​រក​ចាក់​គេឯងនៅជុំវិញបរិវេណនោះ។ ដោយឃើញសភាពបែបនេះ សន្តិសុខនៅទីនោះក៏បានដេញផង​និង​ការពារ​ខ្លួន​ផង​ ព្រោះ​ឃើញ​ថា​បុរស​រូប​នោះ​មាន​កាន់កូន​កាំបិត​ក្នុង​ដៃ​ផង​នោះ​ ក៏ស្រាប់តែបុរសជន​ជាតិ​ចិន​រូបនោះ​បានរត់ចូលទៅក្នុងផ្ទះម៉ាតមួយកន្លែងនៅចំណុចកើតហេតុ​ ឡេីង​ទៅ​ដល់​ជាន់​ទីពីរ​ ចូល​ទៅសម្ងំក្នុងបន្ទប់ស្នាក់នៅមួយសន្ទុះក៏ស្រាប់តែដុតសម្ភារក្នុងបន្ទប់  បង្ក​ជាអគ្គិភ័យហុយផ្សែងទ្រលោមតែម្តងទៅ​ ។ 

​   ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ដោយឃើញស្ថានភាពបែបនេះសន្តិសុខនៅទីនោះក៏បានរាយការណ៍ជូន​ខាងរថយន្តបង្ការពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ជាច្រើនគ្រឿង ក្នុងនោះមានរថយន្ត​បង្ការ​ពន្លត់អគ្គិភ័យរបស់ការិយាល័យចំនួន៣​ គ្រឿង​ និងរថយន្តរបស់ទីក្រុងកោះពេជ្រចំនួន៣គ្រឿងបានមកធ្វើការសហការគ្នាបាញ់ទឹកពន្លត់អស់ចំនួនពីររថយន្តរហូតដល់ម៉ោង១០យប់ថ្ងៃដដែលទើបភ្លើងរលត់ទៅវិញជាស្ថាពរ​ ។ 

​    ពាក់ព័ន្ធនឹងករណីនេះដែរបន្ទាប់ពីបាញ់ទឹករលត់ជាស្ថាពរហើយសមត្ថកិច្ចក៏បានប្រើវិធានការក្ដៅដោយធ្វើការបង្ក្រាបនិងចាប់ឃាត់បុរសជនជាតិចិននោះបាន ហើយក៏នាំយកទៅមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់។

​    ដោយ​ឡែក​ហេតុការណ៍នេះដែរ គឺមិន​ បង្កអោយមានមនុស្សណាម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតសម្ភារៈនៅបន្ទប់ជាន់ទី២​ជាបន្ទប់ដេក ដែលរងការឆាបឆេះអស់សម្ភារៈមួយចំនួនតូចតែប៉ុណ្ណោះ​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖