ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវបេតុងមួយខ្សែទៀតក្នុងសង្កាត់ក្រាំងធ្នង់ គ្រោងបើកឱ្យដំណើរការ ខណៈការអភិវឌ្ឍក្នុងសង្កាត់​ទាំងមូលសម្រេចបានប្រមាណ៦០ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ លោកចៅសង្កាត់ក្រាំងធ្នង់បានប្រាប់អង្គភាពយើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះថា គណៈកម្មាធិការលទ្ធកម្មខណ្ឌសែនសុខ​ រួមជាមួយអាជ្ញាធរសង្កាត់ក្រាំងធ្នង់ លោកមេភូមិ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែដែលមានប្រវែង​៣០៧ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងជេីងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ដោយឡែកលោកប្រធានការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខ បានឱ្យដឹងថា ផ្លូវបេតុងដែលកំពុងស្ថាបនានេះមានប្រវែង​៣០៧ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌឆ្នាំ២០២៤​ ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ ការចុះពិនិត្យនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិត្រពាំងជេីងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

លោកចៅសង្កាត់ក្រាំងធ្នង់បានឱ្យដឹងបន្តទៀតថា ក្រុមការងារគណៈកម្មាធិការលទ្ធកម្មខណ្ឌសែនសុខ​ បានណែនាំដល់ក្រុមហ៊ុនសាងសង់ផ្លូវបេតុង ត្រូវយកចិត្តទុកដាក់សាងសង់ឱ្យទាន់តាមការកំណត់ ពិសេសត្រូវសាងសង់តាមលក្ខណៈបច្ចេកទេស ដោយគិតលើគុណភាព សុវត្ថិភាព និងសោភ័ណភាព។

លោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ បានប្រាប់ទៀតថា ផ្លូវមួយខ្សែនេះ​តភ្ជាប់ពីភូមិត្រពាំងជើងស្រុក ទៅភូមិត្រពាំងមាន ដែលបច្ចុប្បន្នសម្រេចបាន៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅសប្តាហ៍ក្រោយនេះ។ បន្ទាប់ពីបញ្ចប់គម្រោងនេះ អាជ្ញាធរនឹងផ្អាកចរាចរណ៍រយៈពេល២៨ថ្ងៃដើម្បីឱ្យគុណភាពសំណង់រឹងមាំល្អ ហើយអាចនឹងដាក់ឱ្យប្រើប្រាស់បាននៅចុងខែកុម្ភៈខាងមុខនេះ។

លោកចៅសង្កាត់ប្រាប់ថា បច្ចុប្បន្នក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ទាំងមូល មានផ្លូវបេតុងសម្រេចបានប្រមាណ​៦០​ភាគរយ នៅ៤០ភាគរយប៉ុណ្តោះជាផ្លូវលំដី ក្នុងនោះប្រព័ន្ធលូមួយចំនួននៅមិនទាន់មានគ្រប់ផ្លូវនៅឡើយទេ ប៉ុន្តែគម្រោងដាក់លូនេះក៏មានក្នុងគម្រោង៣ឆ្នាំរំកិលរបស់រដ្ឋបាលសង្កាត់ក្រាំងធ្នង់ផងដែរ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖