ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជេីញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវ ឧប្បដ្ឋានសាលា កុដ្ឋ និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តទង់មាស ស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នេះ   លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត ព្រមទាំងលោកស្រី បានអញ្ជេីញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវ ឧប្បដ្ឋានសាលា កុដ្ឋ និងសម្ពោធសមិទ្ធផលនានានៅក្នុងវត្តទង់មាស ស្ថិតក្នុងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ។

សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តនូវនយោបាយឈ្នះ ឈ្នះ។

សម្តេច បានបន្តទៀតថា ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទមួយរូបៗ គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ចំណែកព្រះសង្ឃក៏គ្មានចង្ហាន់គ្រប់គ្រាន់នោះដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា៖ «ដោយសារសន្តិភាពពេញលេញ ទើបយើងទាំងអស់គ្នាអាចប្រារព្ធពិធីសាសនាតាមជំនឿរៀងៗខ្លួន និងអាចជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់»។

សម្តេចកិត្តិសង្គហបណ្ឌិត បានណែនាំប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធផលដែលបានដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះឱ្យបាននៅគង់វង្សស្ថិតស្ថេរ ដើម្បីជាការចូលរួមចំណែកក្នុងការការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖