សារព័ត៌មាន AFP បានផ្សាយថាតុលាការមួយនៅក្នុងប្រទេសថៃ កាលពីថ្ងៃសុក្រ ទី៣១ ខែមករា បានផ្ដល់ការអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីលោក Thaksin Shinawatra អាចធ្វើដំណើរទៅក្រៅប្រទេស ដែលនេះជាករណីលើកលែងដ៏កម្របំផុតសម្រាប់ជនជាប់ចោទម្នាក់ដែលកំពុងប្រឈមមុខនឹងបទចោទប្រមាថព្រះមហាក្សត្រ។
លោក Thaksin មានអាយុ ៧៥ឆ្នាំ ធ្លាប់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំពីបទពុករលួយ និងរំលោភអំណាច បន្ទាប់ពីលោកត្រឡប់ចូលប្រទេសថៃវិញកាលពីជាង២ឆ្នាំមុន ក្រោយរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ហើយរូបលោកត្រូវបានព្រះមហាក្សត្រលើកលែងទោស ៦ខែក្រោយការធ្វើមាតុភូមិនិវត្តន៍។ ប៉ុន្តែ កាលពីឆ្នាំមុន លោកត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រជុំវិញការអត្ថាធិប្បាយរបស់លោក នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីជាង៩ឆ្នាំមុន និងគ្រោងប្រឈមមុខនឹងសវនាការនៅខែកក្កដាខាងមុខ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ តុលាការមួយបានសម្រេចអនុញ្ញាតឱ្យលោក Thaksin អាចធ្វើដំណើរទៅក្រៅប្រទេស ដោយសំអាងទៅលើផលចំណេញនៃទំនាក់ទំនងអន្តរជាតិ ជាហេតុផលសម្រាប់ការធ្វើដំណើរទៅ ក្រៅប្រទេស ទោះបីជាមិនមានការបញ្ជាក់លម្អិតពីវត្ថុបំណងនៃដំណើរទស្សនកិច្ចក៏ដោយ។ តុលាការបានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «តុលាការបានពិចារណា និងសម្រេចអនុញ្ញាតឱ្យជនជាប់ចោទ ចាកចេញពីប្រទេស ចន្លោះពីថ្ងៃទី២ ខែកក្កដា ដល់ថ្ងៃទី៣ ខែកក្កដា ដែលនឹងមិនប៉ះពាល់ដល់សវនាការនោះទេ»។
គួរបញ្ជាក់ថា នៅក្រោមការអនុញ្ញាតពីតុលាការ លោក Thaksin ត្រូវតែរាយការណ៍ជូនអាជ្ញាធរថៃក្នុងរយៈពេល៣ថ្ងៃ ពីការត្រឡប់ចូលប្រទេសវិញ។ កាលពីខែធ្នូ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានតែងតាំងលោក Thaksin ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោកស្ដីពីអាស៊ាន៕ ដោយ៖ ធីរីណា

រូបថត៖ The Nation
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច