ខេត្តសៀមរាប៖ នាព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីនមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទរៀបចំពិធីសូត្រមន្តសុំសេចក្តីសុខចម្រើន និងដាក់ឲ្យប្រើប្រាស់ទីស្នាក់ការបញ្ជាការស្រាល ប្រចាំតំបន់កំសាន្ត Pub-Street ដែលមានទីតាំងនៅលើសួនច្បារទល់មុខសណ្ឋាគារតាព្រហ្ម កម្មពិធីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី និងសប្បុរសជនមួយចំនួនផងដែរ ។
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្រោមការផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានចាប់ផ្តើមសាងសង់ទីស្នាក់ការបញ្ជាការស្រាល ប្រចាំតំបន់កំសាន្ត Pub-Street ក្នុងខែ១០ ឆ្នាំ២០២៤ និងបានបញ្ចប់ការសាងសង់នៅខែ០២ ឆ្នាំ២០២៥នេះ ក្នុងគោលបំណងបង្កើនភាពកក់ក្តៅដល់ប្រជាពលរដ្ឋផ្នែកសន្តិសុខ សុវត្ថិភាព និងងាយស្រួលក្នុងការអន្តរាគមន៍ជូនប្រជាជនរស់នៅតំបន់នេះផងដែរ ។
គួរបញ្ជាក់ផងដែរថា ទីស្នាក់ការបញ្ជាការស្រាល ប្រចាំតំបន់កំសាន្ត Pub-Streetនេះ ក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជនមួយចំនួនរួមមាន៖
១.លោក សើ វណ្ណដា និងលោកស្រី ព្រេម សុគន្ធា ព្រមទាំងបុត្រ
២.លោក ឡុង ចាន់រិទ្ធ និងលោកស្រី លឿម ស៊ីណា ព្រមទាំងបុត្រ
៣.លោក កង សុទ្ធី និងលោកស្រី ចាន់ ហ៊ុយជូ ព្រមទាំងបុត្រ
៤.លោក គង់ ឡាយហេង ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងសប្បុរសជនដែលបានជួយឧបត្ថម្ភគាំទ្រដល់កងរាជអាវុធហត្ថខេត្តសៀមរាប និងសូមគោរពជូននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច