ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តណាវ៉ារ៉ា បុកម៉ូតូសណ្តោងរ៉ឺមកបត់ឆ្លងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តនីសាន់ ណាវ៉ារ៉ា មួយគ្រឿងបើកលឿនជ្រុលបុក ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងកំពុងឆ្លងផ្លូវពេញទំហឹង ដាច់កង់ម៉ូតូចេញពីគ្នាបណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទាក់ទងរថយន្ដសាមុយដឹកទៅមន្ទីរពេទ្យ។ 

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣៥ រសៀលថ្ងៃទី ០៥ ខែកុម្ភៈ ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខសាលាបឋមសិក្សាចំរើនភាព ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាក នីសាន់ ណាវ៉ារ៉ា ពណ៌សបើកបរដោយបុរសម្នាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BE-5552 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈពេលដែលដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ពណ៌ខៀវជិះដោយបុរស២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងមកជើង បានបត់ឆ្លងផ្លូវបានពាក់កណ្ដាលផ្លូវក៏ត្រូវរថយន្ដបង្កខាងលើបុកពេញទំហឹងចំពីមុខម៉ូតូមកដាច់កង់មុខម៉ូតូចេញពីគ្នា បណ្ដាលឱ្យបុរស២នាក់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យផងដែរ។ ភ្លាមៗនោះអ្នកបើកបរត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ ឱ្យសមត្ថកិច្ចប៉ុស្តិ៍ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងយករថយន្ដបង្ក និងម៉ូតូសណ្ដោងរុឺម៉ក យកទៅរក្សាទុកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖