ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​ខេត្ត​កំពត​៖​ ក្មួយៗនៅខេត្តកំពត លឺថានាំគ្នាកែខ្លួនធ្វើជាក្មេងល្អ កូនល្អអស់ហើយ ក្មួយៗកុំភ្លេចខ្លួនឱ្យសោះណា ក្មួយអាចភ្លេចពូ តែពូមិនភ្លេចក្មួយៗនោះទេ…

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ នៅរសៀល​ថ្ងៃ​ពុធ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានបង្ហោះសារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្លូវការ​របស់​លោកថា៖​ ក្មួយៗនៅខេត្តកំពត លឺថានាំគ្នាកែខ្លួនធ្វើជាក្មេងល្អ កូនល្អអស់ហើយ ក្មួយៗកុំភ្លេចខ្លួនឱ្យសោះណា ក្មួយអាចភ្លេចពូ តែពូមិនភ្លេចក្មួយៗនោះទេ ឱ្យតែបង្ហោះម៉ូតូកាប់ចាក់បងតូចបងធំគឺកំលាំងពូទៅដល់ភ្លាម។ 

លោកឧត្តមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានសង្កត់ធ្ងន់ថា​ ពូធ្វើនេះព្រោះចង់ឱ្យក្មួយៗមានអនាគតល្អសំរាប់អនាគតខ្លួនឯង ឪពុកម្តាយយើងពួកគាត់មិនមែនចិញ្ចឹមយើងអស់មួយជីវិតនោះទេ បើក្មួយៗចង់ឱ្យឪពុកម្តាយមានសេចក្តីសុខនិងមានសុខភាពល្អ ធ្វើតែអំពើល្អចំពោះពួកគាត់ កុំនាំរឿងក្តៅក្រហាយឱ្យពួកគាត់ទៅបានហើយ នោះពួកគាត់នឹងសប្បាយចិត្តជាងក្មួយៗយកលុយទៅឱ្យពួកគាត់ទៅទៀត ។ នេះគឺជាបំណងល្អពីពូស្នងការ ។ 

សូមជម្រាបជូនថា​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ តែងតែ​បង្ហោះ​សារ​ដាស់តឿន​ដល់​ក្មួយ​ៗមួយចំនួនតូចដែលចង់ធ្វើខ្លួនជាក្មេងទំនើង​ ត្រូវ​កែខ្លួន​ជាបន្ទាន់​ប្រសិនបើមិនកែខ្លួននោះទេ​ គឺលោក​មានវិធានការយ៉ាង​ម៉ឺងម៉ាត់​តាមច្បាប់​ ដោយគ្មានការលើកលែងនោះទេ។ មិនតែប៉ុណ្ណោះ​ ប្រសិនបើនៅខេត្តកំពត​ មានក្មេងទំនើងគឺមិនរួចខ្លួននោះទេ ! ខណៈ​លោកនឹងផ្ដល់ថវិការមួយចំនួន​ សម្រាប់​ផ្តល់ជូនចំពោះអ្នកផ្តល់ពត៏មានឈានទៅដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងណារស់នៅខេត្តកំពត ហើយលោកនឹងរក្សារការសម្ងាត់ជូនផងដែរ៕

ដោយ​៖ ស​ តារា


ចែករំលែក៖